(ក្រចេះ)៖ មានអំពើឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ដោយបុរសម្នាក់បានបាញ់ប្រហារទៅលើដន្លងរបស់ខ្លួន រួចបានបាញ់សម្លាប់ខ្លួនតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះកើតឡើង នៅចំណុចផ្ទះគី​ឡូម៉ែត្រ១០៩ ភូមិគ្រញូងសែនជ័យខាងត្បូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា ​​ជនបង្ក​ឈ្មោះ ជីប សាលី ​អាយុ៤៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យត្បូង ឃុំគ្រញូងសែនជ័យ បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ទិត មូសា​ អាយុ៤៨ឆ្នាំ​ រស់នៅភូមិ​ឃុំជាមួយគា្ន ហើយ ត្រូវជា​ដន្លងនឹងគ្នា​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ​បន្ទាប់មកជនបង្កបានបាញ់ខ្លួនឯងមួយគ្រាប់ចំស្នៀតផ្កា​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងដែរ។

បើ​តាមការបំភ្លឺពីប្រពន្ធ និងកូនស្រីជនរងគ្រោះ គឺជនសង្ស័យមានសតិមិនសូវល្អ ​និងមានចិត្តច្រណែនច្រើន នៅពេលដែលកូនប្រុសគាត់ស្តីបន្ទោស គាត់តែងតែគិតថា មកពីជនរងគ្រោះជាអ្នកធ្វើឲ្យគាត់ត្រូវកូនស្តីបន្ទោស។

យ៉ាងណាមិញ ចំពោះកាំភ្លើងរបស់ជនបង្ក និងតួនាទីនោះ លោកអធិការមិនបានបញ្ជាក់នៅឡើយទេ ដោយលោកអះអាងថា កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ៕