(ភ្នំពេញ)៖ តបតាមសំណើររបស់កម្ពុជា រដ្ឋាភិបាលរុស្ស៊ី នាពេលនេះ បានសម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតខ្មែរបន្ថែមទៀត ដើម្បីទៅសិក្សា អំពីបច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការ នៃទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ទៅកាន់ប្រទេសរុស្ស៊ី ដែលបង្ហាញនៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
ក្រៅពីសន្យាផ្ដល់បន្ថែមនូវអាហារូបករណ៍ ភាគីទាំង២ បានស្វាគមន៍ចំពោះភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យថាមពលនុយក្លេអ៊ែរសន្ដិភាព និងបានបញ្ជាក់សារជាថ្មីនូវការតាំងចិត្តក្នុងការអនុវត្ដអនុស្សរណៈយោគយល់ ស្ដីពីការបង្កើត មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ថាមពលបរិមាណូ ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា។ ក្រោយកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលត្រូវបង្កើតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។
ជាមួយគ្នានេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលរុស្ស៊ី ក៏យល់ព្រមបណ្តុះបណ្តាលដល់សិស្ស-និស្សិតកម្ពុជា អំពីបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ៕