(ភ្នំពេញ)៖ គម្រោងផ្កាយរណបមួយ នឹងត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា នាពេលអនាគតខាងមុខនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ី និងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយទស្សនកិច្ចរយៈពេល២ថ្ងៃ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី ។
តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា អំឡុងពេលទស្សនកិច្ចនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានជួបជាមួយ លោក Nikolay Nikiforov (នីកូឡៃ នីគីហ្វូរ៉ូស) រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី ផងដែរ។
សេចក្តីប្រកាស បានបញ្ជាក់ទៀតថា អំឡុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ពីបំណង ក្នុងការអនុវត្តគម្រោងផ្កាយរណបនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍រុស្ស៊ី នឹងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីពិនិត្យមើលសក្តានុពល កិច្ចសហប្រតិបត្តិការលើវិស័យ ធនាគារប្រៃសណីយ៍ ស្ថានីយ៍ចែកចាយឧស្ម័នធម្មជាតិ អាកាសចរណ៍ និងរថយន្តធុនធ្ងន់ ផងដែរ។
បើតាម លោក ខូវ មករា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់មានផ្កាយរណផ្ទាល់ខ្លួន នៅឡើយទេ ប៉ុន្តែកន្លងទៅ រាជរដ្ឋាភិបាល បានផ្តល់ឱ្យក្រុមហ៊ុនក្នុងស្រុកមួយ អភិវឌ្ឍ គម្រោងផ្កាយរណបបែបនេះ៕