(កំពង់ស្ពឺ)៖ ​នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៥ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រជាពលរដ្ឋជាង២០០នាក់ បានចូលរួមបរិច្ចាគ​នៅផ្សារត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ពលរដ្ឋមួយចំនួនធំនៅផ្សារត្រពាំងក្រឡឹង បានខកចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការមុន ពិសេសព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមិនហ៊ានលះបង់ពេលវេលា ដើម្បីរកថវិកាជួយសាងសង់ចេតិយ ជូនបណ្ឌិត កែម ឡី បាន។

លោកថ្លែងយ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរមួយចំនួនធំ ពីផ្សារត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ បានខកចិត្តយ៉ាងខ្លាំង​ចំពោះលោកសង្ឃ ប៊ុត ប៊ុនតិញ និងសមាជិកគណៈកម្មការមុនៗ ដែល មិនហ៊ានលះបង់ពេលវេលា ដើម្បីស្វែងរកមូលនិធិជួយសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ហើយពួកគាត់បានកត់សម្គាល់ថា សង្ឃ ប៊ុត ប៊ុនតិញ គឺជាបុគ្គលតួ​ឯកនិយម ពោលគឺសង្ឃ ប៊ុត ប៊ុនតិញ តែងតែចាត់ទុកអ្នកដទៃមិនស្មើរនឹងខ្លួន»

លោក ពេជ្រ ស្រស់ ​បញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។

សូមជម្រាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕