(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់មន្រ្តីតាមមន្ទីរពាណិជ្ជកម្មនានា ឲ្យប្រយ័ត្នចាញ់បោកជនខិលខូចបន្លំធ្វើជាជំនួយការលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទូរស័ព្ទទៅបោកប្រាស់រឿងដំឡើងកាំប្រាក់ ហើយទារប្រាក់ជាថ្នូរជួយសម្របសម្រួលឯកសារនានា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ មានជនខិលខូចបានអះអាងថា ពួកគេជាជំនួយការរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងម្នាក់ទៀតជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។
ជនខិលខូចនេះប្រើទូរស័ព្ទ៣ខ្សែ (096 552 0909, 092 249 333 និង 012 840 128) ហៅទៅកាន់ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងប្រធានការិយាល័យនៅមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ឲ្យរៀបចំធ្វើបែបបទឡើងកាំប្រាក់ជូនមន្រ្តីរាជការនៅមន្ទីរពាណិជ្ជកម្មខេត្តតាកែវ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ករណីបែបនេះ ធ្លាប់បានកើតម្តងរួចមកហើយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយបានអះអាងថា ជាជំនួយការរបស់លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ហើយទូរស័ព្ទទៅកាន់ប្រធាន និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ឲ្យវេលុយជូនពួកគេ ៣០០ដុល្លារ ដើម្បីរត់ការរឿងដំឡើងកាំប្រាក់។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព័ត៌មាននៃការដំឡើងកាំប្រាក់នេះ មិនមែនជារឿងពិតនោះទេ គឺជាការឆបោកទាំងស្រុង ដើម្បីផលប្រយោជន៍របស់ជនខិលខូចតែប៉ុណ្ណោះ ពីព្រោះការដំឡើងកាំប្រាក់ក្រសួងបានរៀបចំរួចរាល់អស់ហើយ៕