(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានថ្លែងថា កីឡាជិះសេះកម្ពុជា (Endurance Competition) បាននំាមកនូវក្តីមោទនភាពសម្រាប់ប្រទេសជាតិ ហើយរំពឹងថាកីឡានេះ និងបន្តដណ្តើមបានភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជានាពេលខាងមុខ។ លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងពេលអញ្ជើញទៅទទួលគណៈប្រតិភូអត្តពលិកកីឡាជិះសេះកម្ពុជា ក្នុងនាមជាប្រធានកិត្តិយសសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ នាពេលថ្មីៗនេះ។

ក្នុងពេលទទួលដំណើរមកដល់មាតុភូមិរបស់ក្រុមកីឡាករជាមួយទឹកមុខរីករាយនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កីឡាជិះសេះកម្ពុជា (Endurance Competition) ទើបបានបង្កើតឡើង ហើយក៏ជាលើកទី១ ដែលកម្ពុជាបានបញ្ចូលវិញ្ញាសាថ្មីនេះ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយកម្ពុជាដណ្តើមបានមេដាយសំរិទ្ធ គឺចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួត ដែលក្នុងនោះប្រទេសម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់លេខ២ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រទេសសឹង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៤ និងប្រទេសព្រុយណេ ទទួលបានចំណាត់ថ្នាក់លេខ៥។

លោក អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងការទទួលគណៈប្រតិភូអត្តពលិកកីឡាជិះសេះកម្ពុជា ហើយនៅក្នុងខណៈនោះដែរ លោកអគ្គនាយក បានផ្តល់កិត្តិយសជូនលោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានកិត្តិយសសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក្នុងការបំពាក់កម្រងផ្កាជូនកីឡាករ។

លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានបញ្ជាក់ថា ការប្រកួតកីឡាជិះសេះនេះ គឺប្រកួតជាក្រុមក្នុងចម្ងាយផ្លូវ៨០គីឡូម៉ែត្រ គឺជ្រើសរើសយកក្រុមកីឡាករដែលមានជំនាញក្នុងការជិះសេះបានល្អ និងទទួលបានជ័យជំនះក្នុងការប្រកួត។ លោកស្រី ទេព ម៉ូណា ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា, ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រុមហ៊ុន និងសប្បុរសជនជាច្រើនទៀត ដែលបានជួយឧបត្ថម្ភគំាទ្រដល់កីឡាករជិះសេះកម្ពុជា ក៏ដូចជាកីឡាករផ្សេងៗទៀតឱ្យមានឆន្ទៈក្នុងការចូលរួមប្រកួត ដើម្បីដណ្តើមយកជយលាភី ជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាពេលនេះ។

លោក កៅ វណ្ណារិន អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានឲ្យដឹងថា សម្រាប់ការចូលរួមស៊ីហ្គេមលើកនេះ យើងបានទទួលនូវចំណេះដឹង និងបទពិសោធន៍ច្រើនដើម្បីការឈានទៅរកភាពជោគជ័យរបស់សហព័ន្ធ ក្នុងឆ្នាំ២០២៣ ដែលត្រូវរៀបចំ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធទីលានហ្វឹកហាត់ និងប្រកួតនៅខេត្តកំពង់ឆ្នាំង ដែលយើងមានសព្វថ្ងៃនេះ (Endurance Competition) ។

លោក កៅ វណ្ណារិន បន្តថា កម្ពុជា ក៏ទទួលបានមេដាយសំរិទ្ធមួយដែលជាលើកដំបូងរបស់សហព័ន្ធផងដែរ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងពេលដែលសហព័ន្ធនូវមានកង្វះខាតនៅឡើយលើបញ្ហាបច្ចេកទេស និងធនធាន ដូច្នេះហើយទើបសហព័ន្ធកំពុងខិតខំប្រឹងប្រែងដុតដៃដុតជើង ដើម្បីធ្វើយ៉ាងណាឲ្យបានល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលចាំបាច់ត្រូវពង្រឹងសមត្ថភាពពីពេលនេះទៅ។

ចំណែកឯការបណ្ដុះបណ្ដាលបន្ថែម និងការស្វែងរកនូវបទពិសោធន៍ល្អៗ ថ្មីៗ គឺជាតម្រូវការចាំបាច់សម្រាប់កីឡាករកីឡាការិនី និងមន្ត្រីសហព័ន្ធ ក៏ដូចជាការគាំទ្រនូវផ្នែកហិរញ្ញវត្ថុសម្រាប់ការរៀបចំព្រឹត្តិការណ៍ និងការចូលរួមក្នុងស្រុក និងក្រៅប្រទេសផងដែរ ដែលសហព័ន្ធកំពុងស្វែងរកការឧបត្ថម្ភ និងគាំទ្រក្នុងការងារនេះ បន្ទាប់មកអ្វីដែលត្រូវធ្វើបន្តនោះគឺ មេដាយក្នុងចំណោម មេដៃទាំង ១៦ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ដែលសហព័ន្ធត្រូវចាប់ផ្ដើមពីឥឡូវនេះទៅ ដើម្បីឈានទៅរកភាពជោកជ័យក្នុង ឆ្នាំ២០២៣ របស់កម្ពុជា៕