(ព្រះសីហន)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយមជ្ឈមណ្ឌលមូលធនបញ្ញា ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ ទេសចរណ៍តំបន់ឆ្នេរ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោករដ្ឋមន្រ្តី ថោង ខុន ។
វគ្គបណ្ដុះបណ្ដាលនេះ ជាការបង្កើតឱកាសការងារបន្ថែម ដល់យុវជននៅតំបន់ឆ្នេរឱ្យក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការ របស់ទេសចរដែលមកទស្សនាតំបន់ឆ្នេរដ៏ច្រើនកុះករ ក្រោយចូលជាសមាជិកនៃក្លឹមឆ្នេរដ៏ស្អាតបំផុតលើពិភពលោក។
យោងតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ មានចំនួនប្រមាណជិត ២៥ម៉ឺននាក់ កើនឡើង ១០.៦៥% ដែលក្នុងនោះទេសចរជនជាតិចិនមានចំនួន ៥៨,៩៤៣នាក់ កើនឡើង ១៣២.៤៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលកំណើនដ៏ខ្លាំងនេះ បង្ហាញនូវឱកាសការងារដ៏ធំធេងសម្រាប់យុវជនកម្ពុជា។
ការផ្លល់ជំនាញ និងការងារជូនយុវជនកម្ពុជា ជាយុទ្ធសាស្ត្រអាទិភាពមួយ ដែលក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដោយឈើលើទស្សនទាន «ស្អាត និងបៃតង»។ ក្នុងន័យនេះ ក្រសួងបានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងភាគីពាក់ព័ន្ធនានា ឲ្យខិតខំបណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗ ឲ្យទទួលបានជំនាញច្បាស់លាស់ស្របតាមស្តង់ដាកម្មវិធីសិក្សា និងវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់។
វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់ខាងលើមានសិក្ខាកាមចំនួន ២៤រូប (ឯកទេសភាសាចិន១៤រូប និងអង់គ្លេស១០រូប) ដែលបានឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរ និងវិញ្ញាសាផ្ទាល់មាត់ដ៏តឹងរឹង ដែលរៀបចំដោយមជ្ឈមណ្ឌលមូលធនបញ្ញា ខេត្តព្រះសីហនុ ស្របតាមយន្តការ និងនីតិវិធីដែលក្រសួងទេសចរណ៍បានដាក់ចុះ។
ការសិក្សារយៈពេល៣ខែ ផ្នែកទ្រឹស្តី និងចុះកម្មសិក្សាស្រាវជ្រាវ១ខែ ដោយត្រូវឆ្លងកាត់ការប្រឡងវាយតម្លៃលទ្ធផលសិក្សាជាប្រចាំ និងត្រូវការពាររបាយការណ៍កម្មសិក្សារបស់ខ្លួន ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ។ បន្ទាប់ពីបញ្ចប់ការសិក្សា សិក្ខាកាមត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។
សូមរំឭកថា ដោយមានសុខសន្តិភាព និងសុវត្ថភាពពេញផ្ទៃប្រទេស ទេសចអន្តរជាតិមកទស្សនាកម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង ១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។ ៦ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.៦លាននាក់ កើនឡើងប្រមាណ ១២.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត១លាននាក់៕