(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក តាកាហាសិ ហ្វូមិយ៉ាគិ (TAKAHASHI Fumiaki) ទីប្រឹក្សា សាជីវកម្ម ជេជីស៊ី (JGC Corporation) និង លោក អារ៉ាតានិ ហ៊ិដេអាគិ (ARATANI Hideaki) អភិបាលក្រុមហ៊ុនសាន់រ៉ាយស៍ហែលឃែរសឺវីស (Sunrise Healthcare Service Co., Ltd.) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការសេវា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ (Sunrise Japan Hospital Phnom Penh) ដែលបានចូលមកសម្តែងការគួរសម និងសំណេះសំណាល ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាទីស្តីការក្រសួងពាណិជ្ជកម្ម ។

ភាគីជប៉ុនបានសម្តែងចំណាប់អារម្មណ៍ និងការកត់សម្គាល់លើការរីកចម្រើន យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល បើប្រៀបធៀបទៅស្ថានភាព ក្នុងរយៈពេល១០-១៥ ឆ្នាំកន្លងមក ។ ការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា ក៏មានការកើនឡើងជាលំដាប់ ហើយវត្តមានរបស់ជនជាតិជប៉ុន ក៏មានកាន់តែច្រើនឡើងផងដែរ ។

វត្តមានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ នៅរាជធានីភ្នំពេញ ដែលទើបតែបានសម្ភោធ ដាក់ឱ្យដំណើរការនាពេលថ្មីៗកន្លងមកនេះ នឹងជាការចូលរួមចំណែក មួយដ៏សំខាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព ដល់ជនជាតិជប៉ុននៅកម្ពុជា រួមទាំងប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរជាតិសាសន៍ផ្សេងៗផងដែរ ។ វត្តមានរបស់មន្ទីរពេទ្យនេះ នឹងបម្រើ ជាកត្តាទាក់ទាញមួយ សម្រាប់វិនិយោគពីជប៉ុនបន្ថែមទៀត នាពេលអនាគតហើយផ្តល់ជាគំរូគុណភាព សេវាថែទាំសុខភាពដែលនឹងចូលរួមចំណែកជំរុញ ការអភិវឌ្ឍវិស័យ សុខាភិបាលកម្ពុជាផងដែរ ។

លោករដ្ឋមន្រ្តី សម្តែងសេចក្តីអំណរ ចំពោះកំណើនវិនិយោគជប៉ុននៅកម្ពុជា និងវត្តមានមន្ទីរពេទ្យជប៉ុននេះ នៅរាជធានីភ្នំពេញ ព្រមទាំងសម្តែងសេចក្តីដឹងគុណ ដល់ប្រទេសជប៉ុន ដែលតែងតែជួយប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ។ លោករីករាយនឹងសហការ និងជួយសម្រួលការងារ ដល់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ តាមការចាំបាច់ និងស្ថានការជាក់ស្តែង ដើម្បីជាឧត្តមប្រយោជន៍ដល់ទាំងកម្ពុជា និងជប៉ុន ៕