(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានសម្តែងប្រតិកម្មទៅនឹង ការបង្ហោះរូបលោក នៅលើបណ្តាញសង្គម Facebook ដោយចោទប្រកាន់ថា លោកបានរំលោភសេពសន្ថវៈនារីម្នាក់។ ចំពោះរឿងនេះ លោក ខៀវ កាញារីទ្ធ រួមទាំងសាមីខ្លួន ជាកូនធម៌របស់លោក ដែលរងគ្រោះពីការបង្ហោះបែបនេះ បានចាត់ទុកថា ការបង្ហោះបែបនេះ គឺជាការមួលបង្កាច់ និងសងសឹងចំពោះ ការសម្រេចចុងក្រោយរបស់ ក្រសួងព័ត៌មាន។

ការអះអាងរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ Srey Chamroeun ដែលកន្លងទៅតំណាងនិស្សិត ស្រី ចំរើន អះអាងថា Facebook ខ្លួននេះត្រូវគេ Hackនោះ បានបង្ហោះរូបរបស់លោក ខៀវ កាញារីទ្ធ កៀកស្មារជាមួយយុវតីម្នាក់ឈ្មោះ ស៊ុន សម្រស់ ហើយសរសេរមួលបង្កាច់ យ៉ាងអាក្រក់បំផុតចំពោះរូបលោក។

តាមរយៈបណ្តាញសង្គម Facebook លោក ខៀវ កាញារីទ្ធ​ បានបកស្រាយយ៉ាងដូច្នេះថា «ឃើញមានមិត្តជាច្រើនខ្វល់ខ្វាយ ការបង្ហោះរូបច្រើន ព្យាយាមសងសឹកការសំរេចចុងក្រោយរបស់ក្រសួង ។ សូមអរគុណចំពោះការខ្វាយខ្វល់នេះ តែសូមមិត្តទាំងអស់យល់ថា ខ្ញុំគោរពកន្លែងធ្វើការ ដែលគ្រឿងសក្ការៈទាំងអស់ជាអ្នកប្រោសព្រំខ្ញុំនិងមន្ត្រីក្រសួងទាំងមូល ហេតុនេះមិនផ្កាប់មុខរឿង តណ្ហានេះទេ។ ហើយម្យ៉ាងទៀត ក៏សូមជំរាបទៅ អ្នកប្រឹងមួលបង្កាច់ដោយយករូបនារីជាសិស្សស្លតត្រង់ម្នាក់ សូមគិតដល់បងស្រី ប្អូនស្រី ឫ ម្តាយរបស់ខ្លួនផងចុះ។ ចំពោះខ្ញុំគឺគ្មានអារម្មណ៍អីទាំងអស់ តុមូលខ្ញុំដាច់ខាតមិនក្លាយជាតុជ្រុងទេ»

ចំណែក យុវតី ស៊ុន សម្រស់ ក៏បានចេញមុខច្រានចោលនូវការផ្សព្វផ្សាយមួលបង្កាច់ នៅលើបណ្តាញសង្គម Facebook ខាងលើនេះដែរ។ នាងបានបកស្រាយថា រវាងនាង និង លោក ខៀវ កាញារីទ្ធ ដែលមានរូបស្និទ្ធស្នាលនេះ គឺគាត់ជាឪពុកធម៌របស់នាង ហើយនាងចាត់ទុក គាត់ដូចជាឪពុកបង្កើត។

យុវតីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នាងខ្ញុំគោរពគាត់ដូចជាឪពុកហើយ លោកពុកបានជួយដល់ក្មេងជាច្រើន ដែលជួបការខ្វះខាតទាំងប្រុសទាំងស្រី មិនថាចាស់ ឬក៏ក្មេងឡើយអាស្រ័យហេតុនេះ សូមបងប្អូនមេត្តាកុំយល់ច្រលំ ហើយនាងខ្ញុំសុំឱ្យលោក ស្រី ចំរើន ប្តឹងទៅនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បើយល់ថាផេកលោកត្រូវបានគេលួច»៕