(ភ្នំពេញ)៖ នៅដើមខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមការងាររីកសាយ (Reek Sai) សហការជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ (CAMBODIA LIVING ARTS) ដោយមានការគាំទ្រពីសំណាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្ដិការណ៍សិល្បៈបុរាណខ្មែរដ៏ធំមួយ គឺ«ស្នាដៃនិងអនាគតលើកទី៥» ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលមហោស្រពចតុមុខ។
ព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំ «ស្នាដៃ និងអនាគតលើកទី៥» នេះ មិនខុសពីឆ្នាំមុនៗឡើយ គឺនឹងមានការពាំនាំនូវទស្សនីយភាពសិល្បៈបុរាណខ្មែរ ល្ខោនខោល រួមមានទាំងការធ្វើបទបង្ហាញពី ជីវិតល្ខោនខោលខ្មែរ និងការសម្ដែង ពីសំណាក់សាស្រ្ដាចារ្យមានបទ ពិសោធន៍ជាច្រើនឆ្នាំខាងវិស័យនេះ។ ព្រឹត្ដិការណ៍នេះ នឹងចូលរួមចំណែកលើកតម្កើងកិត្យានុភាព នៃសិល្បៈបុរាណខ្មែរ ឲ្យកាន់តែមានកេរ្ដិ៍ឈ្មោះ ល្បីសុះសាយបន្ថែមទៀត ទាំងនៅឆាកជាតិ និងអន្ដរជាតិ។
ថ្លែងនៅក្នុង ពិធីសន្និសីទសារព័ត៌មាន មុនពេលបើកព្រឹត្ដិការណ៍សិល្បៈ ស្នាដៃ និងអនាគតលើកទី៥ ក្រោមប្រធានបទ «ជីវិតល្ខោនខោលខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ កញ្ញា កឹម សាមសុវណ្ណី តំណាងក្រុមការងាររីកសាយបានឲ្យដឹងថា «ឆ្នាំនេះ គឺពួកយើងលើកយក ទស្សនីយភាពមួយដ៏ពិសេស គឺពួកយើង លើកនូវជីវិតល្ខោនខោលខ្មែរ ក្នុងគោលបំណង ដើម្បីលើកស្ទួយសិល្បៈបុរាណខ្មែរ ក៏ដូចជាឲ្យបងប្អូនទស្សនិកជន ទូទាំងមហាជន បានយល់អំពីទម្រង់សិល្បៈខ្មែរ របស់យើងជាច្រើន»។
កញ្ញា កឹម សាមសុវណ្ណី បានបន្ថែមទៀតថា អ្វីដែលពិសេសសម្រាប់ឆ្នាំនេះ គឺ«ស្នាដៃ និងអនាគតលើកទី៥» នឹងនាំយកនូវល្ខោនខោល៣តំបន់ ពីព្រោះថាឆ្នាំមុនៗ ពួកយើងលើកយកតែល្ខោនខោល នៅរាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំនេះ គឺយើងលើកយក៣តំបន់រួមគ្នា ដែលក្នុងនោះរួមមាន៖ កំពង់ធំ, វត្ដស្វាយអណ្ដែត និងរាជធានីភ្នំពេញ ដែលពួកគាត់ជាសិល្បករមហារជន ក៏ដូចជាសិល្បករអាជីព។
លោក ហង់ ភូមិរ៉ា ដែលជាសិល្បករមួយរូប ផ្នែកល្ខោនខោល ដែលនឹងចូលរួមដឹកនាំសម្ដែងក្នុងព្រឹត្ដិការណ៍នោះ បានបញ្ជាក់ថា នៅក្នុងព្រឹត្ដិការណ៍នោះ យើងលើកយកទម្រង់ល្ខោនខោលទាំង៣តំបន់នេះ គឺយើងចង់មើលពីភាពខុសគ្នា រវាងតំបន់ទាំង៣។ ដែលតំបន់ទី១ មកពីខាងវត្ដស្វាយអណ្ដែត ដែលជាទម្រង់ក្បាច់ដើម នៃទម្រងល្ខោនខោល ថាតើក្បាច់ដើមមាន របៀបយ៉ាងដូចម្ដេច...យើងចង់ឲ្យយុវជនសិក្សា។
លោក ហង់ ភូមិរ៉ា បានបន្ថែមថា រាល់ថ្ងៃនេះយើងផ្សព្វផ្សាយរាល់ការសម្ដែង ក្នុងរាជធានីភ្នំពេញ យើងត្រូវផ្សព្វផ្សាយទម្រង់ល្ខោនខោល តាមបែបរាជធានីភ្នំពេញ តែយើងមិនទាន់ដឹងតំបន់ ដែលមហាជន តាមបណ្ដាខេត្ត និងសហគមន៍នានា ដែលគាត់មានទម្រង់ល្ខោនខោល ខុសគ្នាត្រង់ណា ជាមួយរាជធានីភ្នំពេញនោះទេ។
លោកបានបន្ដទៀតថា នៅក្នុងព្រឹត្ដិការណ៍សិល្បៈបុរាណខ្មែរដ៏ធំនេះ គឺយើងចង់ឲ្យយុវជន-យុវនារី គាត់មកទស្សនាហើយ ដឹងថាក្បាច់ដើម មានរប្រៀបយ៉ាងដូចម្ដេច និងក្បាច់ដែលយើងយកមកកែច្នៃ មានរប្រៀបយ៉ាងដូចម្ដេច ហើយនេះក៏ជាចំណេះដឹងមួយ សម្រាប់យុវជន-យុវនារី ដែលពួកគាត់មកទស្សនា នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
សូមជម្រាបថា គោលបំណងនិងចក្ខុវិស័យ នៃការផ្ដួចផ្ដើមគំនិតរៀបចំនូវព្រឹត្តិការណ៍ «ស្នាដៃនិងអនាគតលើកទី៥» ឆ្នាំ២០១៧នេះឡើង គឺដើម្បីលើកម្ពស់ និងលើកស្ទួយទម្រង់ប្រភេទសិល្បៈបុរាណខ្មែរមួយចំនួន ឲ្យរស់រានឡើងវិញ ដោយហេតុថាសិល្បៈមួយចំនួន នោះស្ទើរតែពុំសូវមានអ្នកស្គាល់ និងបាត់បង់ ប្រជាប្រិយភាព៕