(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ ក្នុងការស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានសុខដុមរមនា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ នាយកដ្ឋានចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលដឹកនាំដោយលោកស្រី ម៉ែន ច័ន្ទសុកុល និងលោក អេង រស់ អនុប្រធានមន្ទីរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការចូល រួមក្នុងយុទ្ធនាការមាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅសាលាខេត្តកំពង់ធំដោយមានការចូលរួម ពីមន្ត្រីតំណាងស្ថាប័នចំនួន១៥នាក់។
លោក អេង រស់ បានថ្លែងថា យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានគោលបំណង គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវអ្នកបើកបររថយន្តត្រូវពាក់ ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវបើពិសាគ្រឿង ស្រវឹងកុំបើកបរ ការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់មិនត្រូវបើកបរមិនស្ថិតក្នុង ស្ថានភាពងងុយដេកពេលបើកបរត្រូវប្រកាន់ស្តាំ ជានិច្ចត្រូវមានការត្រួតពិនិត្យយានយន្តរបស់ខ្លួនជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ចដើម្បី ទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ផ្លូវគោក ឱ្យថយចុះមកនៅកម្រិតទាបបំផុត។
លោក អេង រស់ បានបន្តថា យុទ្ធនាការនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយបានចែកខិត្តបណ្ណ បទប្បញ្ញាតិសំខាន់ៗ ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៥ពាន់សន្លឹក មួកសុវត្ថិភាពចំនួន១៥មួក អាវយឺតចំនួន៣០អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ១ម៉ឺនសន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៥ពាន់សន្លឹក សៀវភៅច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកចំនួន២០០ក្បាល ផ្ទាំងសញ្ញាចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានទីតាំងចំនួន៦ គឺនៅផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម ស្ថិតក្នុងស្រុកបារាយណ៍ ផ្សារស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ផ្សារថ្នល់បែក ស្រុកកំពង់ស្វាយ និងក្នុងស្រុកស្ទោង។
លោកស្រី ឈួន វ៉ាន់នី ជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានមកចូលរួមក្នុងការឆ្លើយ និងសំណួរ ក្នុងពិធីផ្សព្វផ្សាយពីច្បាប់សុវត្តិភាពចរាចរណ៍ផ្លូវគោក គាត់មានការសប្បាយរីករាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមទាំង
អស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពទាំងអស់គ្នា នៅពេលស្រវឹងហាមបើកបរ ពេលបើកបរត្រូវគោរពសិទ្ធជាអាទិភាព៕