(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ នគរបាល ប្រចាំការនៅស្នាក់ការប៉ុស្ដិ៍អូររំដួលស្រុកភ្នំព្រឹក បានចុះបង្រ្កាប និងចាប់បានជង្គង់មាន់ នឹង ស្លាបមាន់ ខូចគុណភាពចំនួន១៣៥គក្រ និងទំនិញខូចគុណភាពចំរុះចំនួន៣០ក្រាម ដែលឈ្មួញកួចនាំចូលពីប្រទេសថៃ យកមកដុតកម្ទេចចោល នៅនឹងកន្លែងភ្លាមៗនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចម្រុះមានមន្រ្តីនគរបាលមន្រ្តីគយប្រចាំ ប៉ុស្តិ៍អូររំដួលស្រុកភ្នំព្រឹក បានបង្រ្កាបការនាំទំនិញខូចគុណភាព ដែលជនខិលខូចលួចនាំចូលពីប្រទេសថៃ មានទំនិញនូវជង្គង់មាន់ និងស្លាបមាន់ខូចគុណភាពចំនួន១៣៥គក្រ និងទំនិញខូចគុណភាពចំរុះចំនួន៣០ក្រាម បានយកមកដុតកម្ទេចភ្លាមៗនៅនឹងកន្លែង។
លោក ហាក់ សុខរិន បានបញ្ជាក់ទៀតថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការតាមគោលដៅរៀងៗខ្លួន ពិសេសនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបង តែងបានតាមឃ្លាំមើលជាប្រចាំដើម្បី ទប់ស្កាត់នូវការនាំចូលទំនិញ ពាក់ព័ន្ធ ទៅនឹងចំណីអាហារខូចគុណភាព មិនឲ្យហូរចូលលក់ក្នុងទីផ្សារ នានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់ អាជីវករលក់តាមផ្សារនិងអ្នកប្រើប្រាស់ជាប្រចាំផង។
លោកប្រធានសូមអំពាវនាវដល់អាជីវករជាអ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដូច្នេះយើងប្តេជ្ញាទាំងអស់គ្នាថា ចូលរួមទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពមិនឲ្យមានលក់នៅលើទីផ្សារជាដាច់ខាត៕