(ភ្នំពេញ)៖ វិស័យអប់រំ ជាផ្នែកមួយដ៏សំខាន់ សម្រាប់ការអភិឌ្ឍនៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា បានដាក់ចេញនូវយុទ្ធសាស្រ្ត ក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវវិស័យនេះ ដែលប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ក៏កំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការកសាងបណ្ណាល័យ សម្រាប់ការលើកកម្ពស់ទម្លាប់ នៃការអានរបស់យុវជនជំនាន់ក្រោយ ជាពិសេសនៅតាមតំបន់ជនបទ។
អគារបណ្ណាល័យចំនួន២១ ដែលបានចំណាយថវិកាច្រើនជាង ៧៣៥ពាន់ដុល្លារអាមេរិក ត្រូវបានសាងសង់រួច និងបំពាក់នូវគ្រឿងបរិក្ខាររួចរាល់ហើយ។ សិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍បានសម្តែងការរីករាយយ៉ាងខ្លាំងក្នុងការទទួលបាននូវទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនេះ ហើយមាតាបិតារបស់សិស្ស ក៏សម្តែងការថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ដល់ប្រាសាក់ផងដែរ ក្នុងការជួយដល់កូនៗរបស់ពួកគាត់ ដើម្បីក្រេបយកចំណេះដឹង ឬរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេបន្ថែម លើចំណេះដឹងស្នូល ដែលទទួលបានពីលោកគ្រូអ្នកគ្រូ។
ដោយមើលឃើញពីសមិទ្ធិផលដ៏ជោគជ័យនេះ គណៈគ្រប់គ្រងរបស់ប្រាសាក់ បានសម្រេចបន្តគម្រោងបណ្ណាល័យរបស់ខ្លួន នៅឆ្នាំ២០១៧ ដោយពង្រីកដល់សាលារៀនចំនួន ៤ផ្សេងទៀត នៅខេត្តផ្សេងៗដូចជាខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ។ គម្រោងទាំង៤នេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ របស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់អនុវត្តនៅតាមសាលារៀនគោលដៅចំនួន៤គឺ៖
*សាលាបឋមសិក្សាព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ
*សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា ស្ថិតក្នុង ភូមិតាផាន់ ឃុំព្រៃយុថ្កា កោះអណ្តែត ខេត្តតាកែវ
*សាលាបឋមសិក្សានិងអនុវិទ្យាល័យបឹងខ្នារ ស្ថិតក្នុងភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*សាលាបឋមសិក្សានិងអនុវិទ្យាល័យស្វាយជ្រុំ ស្ថិតក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយបានចាប់ផ្តើមបើកការដ្ឋានសាងសង់ដំបូង នៅសាលាបឋមសិក្សាព្រៃល្វា ហើយបានបន្ត ទៅបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ព្រៃយុថ្កា សាលាបឋមសិក្សានិងអនុវិទ្យាល័យបឹងខ្នារ និងសាលាបឋមសិក្សានិងអនុវិទ្យាល័យស្វាយជ្រុំ ហើយបណ្ណាល័យថ្មីទាំងនេះ នឹងរួចរាល់សម្រាប់អ្នកទទួលផលនៅចុងឆ្នាំ២០១៧នេះ។
បណ្ណាល័យនីមួយៗនឹងត្រូវបំពាក់ ទៅដោយធនធានសម្ភារ និងឯកសារគ្រប់គ្រាន់រួមមាន៖ ធ្នើរ សៀវភៅ ផែនទី ពាក្យស្លោក តុអាន កៅអី ទូ ហិបដាក់សម្ភារ តុការិយាល័យ។ ក្រៅពីការបំពាក់ធនធានសម្ភារនិងឯកសារ ប្រាសាក់បានឧបត្ថម្ភគាំទ្រ ក្នុងការផ្តល់ការបណ្តុះបណ្តាលទៅដល់បណ្ណារក្ស ដើម្បីឲ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងដំណើរការបណ្ណាល័យផងដែរ។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៧ គម្រោងបណ្ណាល័យប្រាសាក់ បានគ្របដណ្តប់លើភូមិចំនួន ២៨៩ភូមិ ដែលមានចំនួនគ្រួសារសរុប៥៨,៤២១គ្រួសារ មានប្រជាជនសរុបចំនួន២៦៩,៩៣៦នាក់ នៅក្នុងខេត្តចំនួន៨ រួមមាន៖ កំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង និងមានសិស្សានុសិស្ស ដែលទទួលផលផ្ទាល់ ពីគម្រោងបណ្ណាល័យនេះចំនួន 14,130 នាក់ និងលោកគ្រូអ្នកគ្រូចំនួន៥៤៣នាក់៕