(ភ្នំពេញ)៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ ឈាង រ៉ា បានអះអាងថា ការព្យាបាលជំងឺមហារីកតាមបែបវិទ្យាសាស្រ្តបច្ចុប្បន្នភាព គឺជាបទពិសោធន៍ថ្មីបន្ថែមទៀត សម្រាប់គ្រូពេទ្យឯកទេសរវាងមន្ទីរពេទ្យទាំងពីរ កម្ពុជា-ថៃ ជាអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់អ្នកជំងឺដែលមកទទួលយកសេវាថែទាំព្យាបាលកម្រិតស្តង់ដារខ្ពស់។
លោកសាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងយ៉ាងដូច្នេះ ក្នុងទិវាសន្និសីទរួមគ្នារវាងភាគី កម្ពុជា-ថៃ លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមប្រធានបទស្តីពី ជំងឺមហារីក។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតរូបនេះ បានកោតសសើរចំពោះគណៈប្រតិភូ សាស្រ្តាចារ្យ គ្រូពេទ្យវះកាត់ ដែលបានអញ្ជើញមកមន្ទីរពេទ្យថៃដែលបានខិតខំរួមគ្នាយ៉ាងជិតស្និទដើម្បីប្រារព្ធសន្និសីទនេះ ក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីក ព្រោះជំងឺនេះបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់រដ្ឋាភិបាលហើយជាការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជួយដោះស្រាយញ្ហានៅថ្នាក់តំបន់នេះ។
លោក ឈាង រ៉ា អះអាងថា ជំងឺមហារីកដែលបានជ្រើសរើសយកមកដាក់ក្នុងសិក្ខាសាលានេះ ស្របគ្នាទៅនឹងការយកចិត្តទុកដាក់ នៃការថែទាំសុខភាពនាពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរ កំពុងប្រឈមមុខនឹងការការពារ ការត្រួតពិនិត្យ និងព្យាបាលដោយផ្តោតលើបច្ចេកទេសកាន់តែទំនើបឈានមុខ ក្នុងការព្យាបាលទាំងគ្រូពេទ្យ ទាំងអ្នកជំងឺសុទ្ធតែទទួលបាននូវគុណតម្លៃប្រកបដោយគុណភាព និងប្រសិទ្ធិភាពក្នុងការព្យាបាល។
បើតាមលោកសាស្ដ្រចារ្យ ឈាង រ៉ា បច្ចុប្បន្នបច្ចេកវិទ្យានៅក្នុងប្រធានបទ ដែលសម្រិតសម្រាំងនឹងត្រូវលើកយកមកបង្ហាញនេះ មានការលូតលាស់យ៉ាងខ្លាំង ហើយត្រូវទទួលស្គាល់ថា ជាវិធីសាស្រ្ត ដែលមានប្រសិទ្ធិភាពនឹងជឿជាក់បំផុត ដោយលោកសង្ឃឹមថា របកគំហើញនៃបច្ចេកវិទ្យាទាំងនេះ ជាមគ្គុទេសជាបទពិសោធន៍ល្អៗបន្ថែមទៀត សម្រាប់ក្រុមគ្រូពេទ្យ ក្នុងការអនុវត្តន៍ដើម្បីជាគុណប្រយោជន៍សម្រាប់ផ្តល់នូវជំនឿកាន់តែកក់ក្តៅកម្រិតខ្ពស់ ដល់អ្នកជំងឺដែលអាចកាត់បន្ថយនូវអត្រាមរណៈបានជាអតិបរមា។
សូមជម្រាបថា សន្និសីទដ៏មានសារៈសំខាន់នេះ មានតួនាទីជាវេទិកាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងកត់ត្រាជាប្រវត្តិសាស្រ្ត គឺអគារមជ្ឈមណ្ឌលជាតិមហារីក ដែលនឹងត្រូវដាក់ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ តាមបែបវិទ្យាសាស្រ្តកម្រិតខ្ពស់ សម្រាប់ជាអត្ថប្រយោជន៍ទាំងអស់គ្នា ដែលមជ្ឈមណ្ឌលជាតិនេះត្រូវបានគាំទ្រដោយយកចិត្តទុកដាក់ពី រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕