(កំពង់ចាម)៖ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកជើងព្រៃ លោក ម៉ាឈឿន បានផ្ដល់អាហារូបករណ៍បរិញ្ញាបត្រ ១០០% ចំនួន២០០កន្លែង ដល់សិក្សានុសិស្ស នៅទូទាំងស្រុកជើងព្រៃ ។
ការផ្ដល់អាហារណ៍រូបករណ៍នេះ បានធ្វើឡើង ក្នុងឱកាស លោកម៉ាឈឿន អញ្ជើញមកសំណេះសំណាល និងជូនដំណើរសិស្សានុសិស្សអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ១០០% ទៅសិក្សានៅវិទ្យាស្ថានអភិវឌ្ឍអាស៊ីសច្ចៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោក ម៉ា ឈឿន បានថ្លែងជំរុញឲ្យសិក្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែង តស៊ូ រៀនសូត្រ យកចិត្ដទុកដាក់ខ្ពស់ ក្នុងការដុះខាត់អភិវឌ្ឍអនាគតរបស់ខ្លួន ឲ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយ សមត្ថភាព គុណភាពខ្ពស់ សីលធម៌ល្អ សម្រាប់បន្ដជាធនធានមនុស្សដ៏មានប្រសិទ្ធិភាព ។
លោកបន្ដថា «សម្រាប់អាហារូបករណ៍បរិញ្ញាបត្រ ចំនួន២០០កន្លែងនេះ គិតជាថវិកា ជាង៣០ម៉ឺនដុល្លារ ដែលក្មួយៗរៀនចំនួន៤ឆ្នាំ ដោយអាចជ្រើសរើសមុខវិជ្ជាបាន តាមចំណង់ជំនាញដែលខ្លួនចូលចិត្ដ តែសូមសំណូមពរ ដល់ក្មួយៗ ជៀសឆ្ងាយពីគ្រឿងញៀន កុំលួចប្លន់ កុំគេចសាលា គោរពច្បាប់វិន័យសាលា ធ្វើជាពលរដ្ឋគំរូ សិស្សល្អ និងកូនល្អ ហើយបើទំនេរពីការសិក្សា កុំដើរលេង ត្រូវរកការងារធ្វើ ដើម្បីជួយសម្រាលទុកលំបាកឪពុកម្ដាយ »។
ទន្ទឹមនឹងនោះ នាយសាលា នៃវិទ្យាល័យហ៊ុនសែន ស្គន់ បានថ្លែងថា «ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ហើយក៏ជាដឹកនាំសាលា ក្នុងពិតជាសប្បាយរីករាយណាស់ ដែលលោកម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី បានផ្ដល់អាហារូបករណ៍បរិញ្ញាបត្រ១០០% ដល់សិក្សានុសិស្ស នៅទូទាំងស្រុកជើងចំនួន២០០នាក់ ដែលលោកទាំងពីរ តែងតែជួយអស់ពីលទ្ធផល ដើម្បីដល់ប្រជាពលរដ្ឋយើងនៅទីនេះ ពិសេសនៅពេលនេះ គាត់ក៏បានជូនសិស្សនិស្សិត មកចុះឈ្មោះរៀននៅភ្នំពេញដោយផ្ទាល់ទៀត ដែលធ្វើឲ្យសិក្សានុសិស្ស ទាំង៤វិទ្យាល័យនៅស្រុកជើងព្រៃ មានលទ្ធភាពបន្ដការសិក្សា ដោយមិនចំណាយថវិកាបោះថ្លៃសាលានោះឡើយ»។
ចំណែកឯ លោក សៀ សុភ័ក្រ្ដ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន អភិវឌ្ឍអាស៊ីសច្ចៈ បានថ្លែងថា «វិទ្យាស្ថាន អភិវឌ្ឍអាស៊ីសច្ចៈ សូមបើកស្វាគមន៍ប្អូនសិស្ស-និស្សិតទាំងអស់ ដែលមកបន្ដការសិក្សានៅទីនេះ ពិសេសខាងសាលានឹងរកការងារឲ្យធ្វើទៀត បើសិនជាប្អូនចង់ទទួលបានបទពិសោធន៍ការងារ និងថវិកា ដើម្បីផ្គត់ផ្គង់ការចំណាយ លើសម្ភារៈផ្ទាល់ខ្លួន តែសម្រាប់តម្លៃលើការសិក្សារយៈពេល៤ឆ្នាំរបស់ប្អូនៗ គឺផ្ដល់ជូនដោយឥតគិតថ្លៃ នោះទេ គឺ១០០% តែម្ដង»។
ព្រមជាមួយគ្នានោះ សិស្ស-និស្សិតទាំងអស់ ក៏បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងដែលមានឱកាសទៅសិក្សានៅទីក្រុង ដើម្បីក្រេបចំណេះវិជ្ជា មកអភិវឌ្ឍខ្លួន និងប្រទេសជាតិ ពិសេស មាតាបិតាតែម្ដង ត្រេកអរណាស់ ពេលកូនបានបន្ដការសិក្សា ដោយមិនចំណាយថវិកា ជាមួយនឹងអាហារូបករណ៍សិក្សា១០០%ក្នុងរយៈ៤ឆ្នាំនេះ ដែលនេះជាផ្នែកការមួយនៃជួយកាត់បន្ថយភាពក្រីក្រ ពួកគាត់មួយចំណែកធំផងដែរ៕