(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូកេត្រា ដែលមានរយៈពេល២ថ្ងៃ (២៤-២៥ សីហា) នោះ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ដែលការឯកភាពគ្នានេះ គឺស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខារវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ អានុពង្ស ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំខាងលើ។

នៅថ្ងៃចុងក្រោយនេះដែរ អង្គប្រជុំបានពិភាក្សាទៅលើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការអភិវឌ្ឍខេត្តជាប់ព្រំដែនប្រទេសទាំងពីរ និងទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឈានដល់ការឯកភាព និងព្រមព្រៀងលើការងារសំខាន់ៗចំនួន ១៣ចំណុច ដែលត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំ។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំបានឯកភាពជំរុញ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងវិស័យឯកជនក្នុងការចូលរួមចំណែកបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឲ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ ស្របតាមគោលដៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ»។

កិច្ចប្រជុំក៏បានគាំទ្រការធ្វើពាណិជ្ជកម្ម និងវិនិយោគតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសទាំងពីរ ក្នុងខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ និងខេត្តកោះកុង-ខេត្តត្រាត ដែលបានបម្រើប្រយោជន៍រួមដល់ប្រទេសទាំងពីរ។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនដល់ជាង៥ពាន់លានដុល្លារអាមេរិក តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដែល៧០ភាគរយនៃទំហំពាណិជ្ជកម្មនេះ គឺទទួលបានមកពីការផ្លាស់ប្ដូរពាណិជ្ជតាមតំបន់ព្រំដែន៕