(ភ្នំពេញ)៖ លោកបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា «វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាសសៃឈាមមួយដែលដើរតួ យ៉ាងសំខាន់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនទៅមុខឥត ឈប់ឈរ ជាពិសេស គឺជំរុញវិនិយោគគិនបរទេសនៅកម្ពុជា» ព្រមទាំងជួយជំរុញសកម្មភាពនាំចេញ និងនាំចូលទំនិញ។ នៅជាមួយគ្នានេះដែរក្រសួង បានបង្កើតឱកាសសម្រាប់បណ្តាលឧស្សាហករ ក្នុងការលើកកម្ពស់គ្រឿងឧបករណ៍ បរិក្ខា ស្វែងរកកិច្ចសហការគ្នា និងកាលានុវត្តភាពធុរកិច្ចថ្មីៗ។
លោកបណ្ឌិត សាត សាមី ថ្លែងបនេះក្នុងឱកាសលោកបានអញ្ជើញសម្ពោធពិព័រណ៌ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ និងពិព័រណ៌ឧស្សាហកម្ម សម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកបណ្ឌិត សាត សាមី បានបន្តថា កម្ពុជាត្រូវការធ្វើពិពិធកម្មលើសសកម្មភាពសេដ្ឋកិច្ច និងជំរុញការនាំចេញដើម្បីសម្រេច ឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយនិរន្តរភាព និងអភិវឌ្ឍផលិតផលបន្ថែមលើតម្លៃឲ្យកាន់តែខ្ពស់។ ជាការពិតណាស់ការតាំងពិព័រណ៌ គឺជាគំនិត និងជាវេទិកាដ៏មានប្រយោជន៍សម្រាប់ផលិតករ ពាណិជ្ជករ និងធុរជនកម្ពុជា។
លោកបណ្ឌិត សាត សាមី បានថ្លែងយ៉ាងដូច្នេះថា «ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ពាក់ព័ន្ធដើម្បីរៀបចំ ឲ្យមានព្រឹតិការណ៍ ដែលមានលក្ខណៈវិជ្ជាជីវៈទាំងនេះ ក្នុងបរិយាកាសសេដ្ឋកិច្ចមួយ ស្របពេលប្រទេសជាតិកំពុង មានកំណើនដ៏ខ្លាំងខ្លា។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ ប្រាកដនិយម ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងចាប់ផ្តើមទទួលបាននូវវឌ្ឍនភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា វិស័យឧស្សាហកម្ម ដើរតួយ៉ាងសំខាន់ ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ច បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួល បានកំណើនប្រចាំឆ្នាំ ជាមធ្យម៧ភាគរយ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ជាងនេះទៅទៀត រដ្ឋាភិបាលបានអនុម័ត នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់២០២៥ យោងតាមទស្សនវិស័យឆ្នាំ២០៣០ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ សម្រាប់ប្រែក្លាយឲ្យកម្ពុជា ក្លាយជាប្រទេសសេដ្ឋកិច្ចមួយ ដែលមានប្រាក់ចំណូលធុនកណ្តាល ដោយសង្កត់ធ្ងន់លើតួនាទីឧស្សាហកម្ម ជាកម្លាំងជំរុញកំណើនដ៏សំខាន់មួយនៅពេលអនាគត៕