(កំពត)៖ ព្រះសង្ឃ០៥អង្គ និងគូរកន២នាក់ទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តកំពត សហការជាមួយកម្លាំងនគរបាល ស្រុកអង្គរជ័យ និងសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា អមសាលាដំបូងខេត្តកំពត ចុះបង្ក្រាបនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ចំណុចវត្តចាន់គិរី ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ រួមមាន ទី១៖ឈ្មោះ ឈ្មោះ ចាន់ ធឿន អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ ឈ្មោះ ប៉ា វីរៈ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ គីន បូរិត អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ កែវ ទិត្យ អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ឈិន វណ្ណា អាយុ៣២ឆ្នាំ, ទី៦៖ឈ្មោះ សូត្រ ឡុង អាយុ៤១ឆ្នាំ និងទី៧៖ឈ្មោះ ហ៊ុន សុវណ្ណារ៉ា អាយុ២៥ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលជំនាញ ដកហូតបានម្សៅក្រាមពណ៍ស ថ្លាមួយ០១កញ្ចប់ និងឧបករណ៍សម្រាប់ជក់មួយកំភ្លេ និងម៉ូតូចំនួន០២គ្រឿង។
សមត្ថកិច្ចដដែលបន្តថា ក្រោយឃាត់ខ្លួនព្រះសង្ឃទាំងអស់ ត្រូវផ្សឹកទៅតាមវិន័យសង្ស ហើយបញ្ជូនខ្លួន និងវត្ថុតាង មកកសាងសំណុំរឿងនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕