(ភ្នំពេញ)៖ តបតាមការស្នើសុំរបស់គណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃរដ្ឋសភា និងដោយទទួលបានការអនុញ្ញាតិពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានដឹកនាំ សហការី ចូលប្រជុំពិភាក្សាការងារជាមួយគណៈកម្មការនីតិកម្ម និងយុតិ្តធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ដែលដឹកនាំដោយ លោកបណ្ឌិត ប៉ែន បញ្ញា។
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានបំណងជួបពិភាក្សាជាមួយ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ ដើម្បីស្វែងយល់ពី ការអនុវត្តការងារ របស់ក្រសួងយុតិ្តធម៌ ដោយផ្តោតសំខាន់ទៅលើការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល, សមិទ្ធិផលការងារ និងទិសដៅការងារបន្តរបស់ក្រសួង និងផែនការនីតិកម្មរបស់ក្រសួងយុតិ្តធម៌។
លោករដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានជម្រាបជូនអង្គប្រជុំ អំពីចំណុចចំបង៖ ទី១៖អំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌, ទី២៖សមិទ្ធផលការងារ និងទិសដៅការងារបន្ត របស់ក្រសួង និងទី៣៖ផែនការនីតិកម្មរបស់ក្រសួងយុតិ្តធម៌ផងដែរ។
ក្នុងពេលនោះដែរ ថ្នាក់ដឹកនាំតាមជំនាញនីមួយៗ ក៏បានធ្វើបទបង្ហាញផងដែរអំពី យុត្តិធម៌អនីតិជន ការពពោះជំនួស កិច្ចសហប្រតិបត្តការ ក្នុងវិស័យរដ្ឋប្បវេណី, វឌ្ឍនភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ ការឃុំខ្លួនបណ្តោះអាសន្នការអនុវត្តទោសមិនមែនពន្ធនាគារនិងគម្រោងសាកល្បង ទោសសហគមន៍, វឌ្ឍនភាពនៃការរៀបចំរដ្ឋបាលតុលាការ ការចុះបញ្ជី និងគ្រប់គ្រងសំណុំរឿង, វឌ្ឍនភាពនៃមណ្ឌលសេវាកម្មយុត្តិធម៌ និងជំនួយផ្នែកច្បាប់ និងលទ្ធផលនៃជំនួបរវាងក្រសួងយុត្តិធម៌ ជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ អ.ប.ស. ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានលើកឡើងអំពីសមិទ្ធិផលនានា របស់គណៈកម្មការទី៦ និងរបស់រដ្ឋសភាទាំងមូល។
បន្ទាប់ពីការពិភាក្សា និងការតាំងសំណួរមួយចំនួនមក លោក ប៉ែន បញ្ញា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលក្រសួងយុត្តិធម៌ សម្រេចបាននាពេលកន្លងមក នៅក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ហើយលោកក៏បានផ្តល់ជូននូវអនុសាសន៍ ជូនក្រសួងយុត្តិធម៌មួយចំនួន។
អនុសាសន៍នោះរួមមាន ទី១៖បន្តការផ្សព្វផ្សាយ និងអប់រំច្បាប់ឲ្យកាន់តែច្រើន ជូនប្រជាពលរដ្ឋទូទាំងប្រទេស, ទី២៖បន្តពន្លឿនសេចក្តី ព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ឬដែលក្រសួងមានកាតព្វកិច្ចផ្តល់យោបល់, ទី៣៖ជម្រុញការផ្តល់សេវាកម្មយុត្តិធម៌ និងជំនួយផ្នែកច្បាប់នៅតាមស្រុក-ខណ្ឌនានារបស់កម្ពុជា ដែលជាការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងទី៤៖បន្តអនុវត្តគោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ជាការឆ្លើយតប លោក អង្គ វង្ស វឌ្ឍានា បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ និងសមាជិក សមាជិកាទាំងអស់ ដែលបានផ្តល់អនុសាសន៍ល្អៗ ដល់ក្រសួងយុតិ្តធម៌ ហើយលោករដ្ឋមន្រ្តី នឹងយកអនុសាសន៍ទាំងអស់នេះ ទៅពិនិត្យ និងអនុវត្ត ដើម្បីធ្វើឲ្យប្រសើរទ្បើងថែមទៀត ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យ៕