(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ១ខ្សែ ប្រវែង ២៤១ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងបានគិតគូរពីការលំបាក និងតម្រូវការនានា របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន និងបានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវបេតុងថ្មីនេះ ហើយចំពោះក្រុមហ៊ុនសូមស្ថាបនាឲ្យបានលឿន និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនបងប្អូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ និងប្រើប្រាស់បានយូរអង្វែង។
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរ ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយផ្លូវមួយខ្សែនេះនឹងជួយសម្រួល ដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងខ្លាំង៕