(កណ្តាល)៖ ប្រពន្ធទៅយកកូនចេញពីរោងចក្រ ដោយទុកប្តីសតិមិនគ្រប់ឲ្យនៅចាំផ្ទះម្នាក់ឯង ស្រាប់តែបានដុតផ្ទះចោលខ្ទេចគ្មានសល់ បង្កឲ្យភ្ញាក់ផ្អើលទាំងយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិកណ្ដាលឃុំ ឆក់ឈើនាង ស្រុកឣង្គស្នួល។
មន្ដ្រីនគរបាលបានឲ្យដឹងថា ផ្ទះដែលខូចខាតនោះមានទំហំ ៧ម៉ែត្រ គុណ៨ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ដែលប្រពន្ធឈ្មោះ ខេង ណាច និងបុរសជាប្តី ឈ្មោះ ហ៊ី ចេក ឣាយុ៤៦ឆ្នាំ ជាមនុស្សសតិមិនគ្រប់។
នគរបាលបន្តទៀតថា មុនពេលកើតហេតុប្រពន្ធបានជិះម៉ូតូទៅយកកូនចេញពីធ្វើការរោងចក្រ ដោយទុកឲ្យប្តីនៅចាំផ្ទះម្នាក់ឯង លុះពេលស្ត្រីជាប្រពន្ធចេញទៅយកកូនបាត់ស្រាប់ តែបុរសជាប្តីដុតផ្ទះឆេះសន្ធោរសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង និងនគរបាលចេញទៅជួយពន្លត់ ប៉ុន្តែដោយអំណាចភ្លើងពេញបន្ទុកមិនអាចជួយពន្លត់បាន បណ្តាលឲ្យឆេះអស់ទាំងស្រុង។
យោងតាមស្ត្រីជាប្រពន្ធបានអះអាងថា បុរសជាប្តីដែលជាអ្នកដុតបំផ្លាញផ្ទះ គឺជាមនុស្សវិកលចរិក ដោយពីមុនគឺជាមនុស្សផឹកស្រាប្រចាំ រហូតវង្វេងបាត់ស្មារតីលែងដឹងខុសត្រូវជាយូរមកហើយ៕