(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម ASYCUDA របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រួលដល់ការពិនិត្យ និងផ្ទៀតផ្ទាត់បង្កាន់ដៃពន្ធគយ និងលតាប័ត្រ ដោយស្វ័យប្រវត្តិពេលចុះបញ្ជីយានយន្ត។

សំណើរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចពិភាក្សាធ្វើឡើង ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដោយការប្រើប្រាស់បច្ចេកវិទ្យា ទប់ស្តាត់ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ដើម្បីចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត។

ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ (ASYCUDA) គឺជាប្រព័ន្ធកុំព្យូទ័របានរចនាឡើងដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ដើម្បីគ្រប់គ្រងនីតិវិធីបំពេញបែបបទគយរបស់ប្រទេសមួយ។ ប្រព័ន្ធនេះត្រូវបានណែនាំ និងដាក់ឲ្យអនុវត្តន៍នៅក្នុងខែឧសភា ឆ្នាំ២០០៨ នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួយជំរុញការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយនឹងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រួលដល់ការពិនិត្យ និងផ្ទៀតផ្ទាត់បង្កាន់ដៃពន្ធគយ និងលតាប័ត្រ ដោយស្វ័យប្រវត្តិពេលចុះបញ្ជីយានយន្ត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យមានការតភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងសម្រួលការផ្ទេរកម្មសិទ្ធិយានយន្តឲ្យមានលក្ខណៈងាយស្រួល លឿន និងកាត់បន្ថយការក្លែងបន្លំឯកសារពន្ធប្រថាប់ត្រា ដើម្បីផ្ទេរកម្មសិទ្ធិយានយន្ត។

ក្នុងកិច្ចសំណេះសំណាលនោះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងអំពីទិសដៅក្នុងការធ្វើកំណែទម្រង់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងការងារពន្ធគយ និងការងារពន្ធដារ ដែលមានទិសដៅស្របគ្នាជាមួយ និងការស្នើសុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបណ្ឌិតសភាចារ្យក៏បានស្នើសុំឲ្យមានការចែករំលែកព័ត៌មានមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ ដើម្បីប្រើប្រាស់ក្នុងការពង្រឹងផ្តល់សេវា ឈានទៅរកការកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈ។

កិច្ចពិភាក្សាបានធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ហើយទេសរដ្ឋមន្ត្រីទាំងពីរ បានបង្ហាញពីការតាំងចិត្តក្នុងការជំរុញកិច្ចការងារតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងទាំងពីរ តាមរយៈការរៀបចំឲ្យមានក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីធ្វើការពិភាក្សាលម្អិត រៀបចំផែនការសកម្មភាពក្នុងរយៈពេលខ្លី និងអភិវឌ្ឍន៍ Web Service / API តភ្ជាប់ប្រព័ន្ធឲ្យបានយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០១៨៕