(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា សិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យ លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ បានផ្តល់ឱកាសដល់បងប្អូនជនពិការរបស់យើង ក្នុងការជជែកនូវមតិយោបល់ ពីបញ្ហារបស់ជនពិការឲ្យរាជរដ្ឋាភិបាល បានធ្វើការឆ្លើយតប ក៏ដូចជាបំពេញនូវតម្រូវការ របស់ជនពិការផ្ទាល់ខ្លួនផងដែរ។
សិក្ខាសាលានេះក៏បានបង្កើតនូវវេទិកា សម្រាប់អ្នកផ្តល់សេវា ដូចជា តំណាងរាជរដ្ឋាភិបាល តំណាងអង្គការ មិនមែនរដ្ឋាភិបាល និង អ្នកដែលទទួលនូវ សេវាផ្ទាល់ ក្នុងនោះរួមមាន តំណាងជនពិការដែលធ្វើការពាក់ព័ន្ធ ទៅនឹងជនពិការ ដើម្បីធ្វើយ៉ាងណា ឲ្យសិទ្ធិជនពិការ មានការគោរព ការគាំទ្រ លើកស្ទួយ ស្របជាមួយ ពាក្យ ស្លោក «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។
ការលើកឡើងរបស់ លោក ឯម ច័ន្ទមករា បានធ្វើឡើង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ជាថ្ងៃបិទសិក្ខា សាលាថ្នាក់ជាតិ ដើម្បីពិនិត្យ លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៧។
ពិធីបិទសិក្ខាសាលានេះ មានការចូលរួមពី លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋមន្រ្តី វង សូត រួមនឹង ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោមកិច្ចឧបត្ថម្ភពីទីភ្នាក់ងារអូស្រ្តាលី ដើម្បីអភិវឌ្ឍអន្តរជាតិ បានរៀបចំសិក្ខាសាលានេះ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធថ្នាក់ជាតិ តំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការ សង្គមស៊ីវិល និងបងប្អូនជនពិការសរុបចំនួន២៣០នាក់។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្រសួង-ស្ថាប័ន ថ្នាក់រាជធានីខេត្ត មានការបេ្តជ្ញាចិត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិបន្តការពារវិស័យ ថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរដើម្បីធានាធ្វើយ៉ាងណា ឲ្យបងប្អូនជនពិការរបស់យើង ទទួលបាន នូវឧត្តម ប្រយោជន៍ ក៏ដូចជាសារៈប្រយោជន៍ដល់ខ្លួនឯង និងប្រទេសជាតិ។
លោកបានបន្តថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលបានសំណើជាច្រើនតាមរយៈ សិក្ខាកាមក្នុងអង្គសិក្ខា សាលានេះ ពាក់ព័ន្ធទៅនឹង យុទ្ធការនៃការត្រួទពិនិត្យ និងតាមដាន នូវការអភិវឌ្ឍ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ដែលបានបង្កើតនូវឧបករណ៍ ក្នុងការវាស់វែងរួមមាន ធ្វើការត្រួតពិនិត្យ តាមដាន និងការអភិវឌ្ឍ ដើម្បីជាការចែករំលែក នូវរបាយការណ៍នៃការរីកចំរើន នូវវិស័យពិការភាព។
ក្រៅពីនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ទទួលបានយុទ្ធសាស្រ្តជាច្រើន ជុំវិញការពអ្រឹង និងពង្រីកពីបណ្តា ក្រសួងស្ថាប័ន ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យមានការអនុវត្តលើយុទ្ធសាស្រ្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ដើម្បីធ្វើឲ្យ ជនពិការរបស់យើងរស់នៅក្នុងភាពដ៏សមរម្យ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
លទ្ធផលនៃសិក្ខាសាលា រយៈពេល២ថ្ងៃនេះ គឺបានដាក់ចេញឡើង ដើម្បីឲ្យអគ្គលេខធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពរបស់យើង យកទៅពិនិត្យ និងកែសម្រូល ធ្វើយ៉ាងណា ឲ្យដៃគូពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត បន្ថែម។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ គឺជាឧបករណ៍នយោបាយ ដែលទាមទារ ឲ្យមាន ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ ព្រមទាំងកែលម្អជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែង ទាំងពេលបច្ចុប្បន្ន ទាំងពេលអនាគត តួយ៉ាងដូចជា ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការពារ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ច លើជនពិការជាដើម៕