(ឧត្តរមានជ័យ)៖ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ហង្ស បូ បានដឹកនាំកម្លាំងវរការពារព្រំដែនលេខ៩០៥ បានចេញល្បាត ប្រទះឃើញពលករឆ្លងដែន ចូលទៅកាប់ឈើក្រញូង ក្នុងដីរបស់ថៃចំនួន១១នាក់ កំពុងតែស្ពាយឈើក្រញូង ចុះពីលើភ្នំហើយក៏បានធ្វើការ ឃាត់ខ្លួន នៅចំណុចបង្គោលសីម៉ាលេខ១២ ក្នុងភូមិសាស្ត្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ ម៉ែន លី បានបញ្ជាក់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះថា ពលរដ្ឋទាំង ១១នាក់នេះ មាន៩នាក់ រស់នៅភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ម្នាក់នៅភូមិជ្រឹងខាងលិច និងម្នាក់ទៀតនៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។
ឧត្តមសេនីយ៍ស្នងការថា ពលរដ្ឋទាំង១១នាក់ បានឆ្លើយឲ្យដឹងថា ការឡើងលើភ្នំឆ្លងដែនស្ពាយឈើក្រញូងក្នុងទឹកដីថៃ មិនមានមេខ្លោង ឬអ្នកជួលឡើយ ប៉ុន្តែពេលបានឈើ គឺបានយកលក់ឲ្យឈ្មួញឈ្មោះ ម៉ៅ រស់នៅភូមិដងទង់ ក្នុងភូមិសាស្ត្រខាងលើជាអ្នកប្រមូលទទួលទិញផ្តាច់មុខ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ពូថៅចំនួន១១ពូថៅ ដែករណាចំនួន៣អា ឈើក្រញូងចំនួន១១ សំពាយប្រមាណ៤០០គីឡូក្រាម ដោយឡែក ពលករចំនួន១១ នាក់មាន មានពលរដ្ឋចំនួន៧ នាក់ប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំពលរដ្ឋគ្មាន សារធាតុញៀនឲ្យត្រឡប់ទៅគេហដ្ឋានវិញ ចំណែកអ្នកផ្ទុកសារធាតុញៀន សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕