(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានការរិះគន់ពីសកម្មភាពរបស់ឈ្មួញវៀតណាម ចូលមកដើរទិញ កាប់ដើមកៅស៊ូ ស្វាយចន្ទី និងអាកាស្យានាំចេញ តាមច្រកមួយចំនួន ក្នុងខេត្តត្បូងឃ្មុំនោះ រហូតមកដល់ពេលនេះ សកម្មភាពរបស់ឈ្មួញវៀតណាមបានស្ងប់ស្ងាត់ទៅវិញហើយ ដែលស្ថានភាពបែបនេះ បានកើតឡើងមានឡើងបន្ទាប់ពីមានបទបញ្ជារបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់អភិបាលខេត្តត្បូងឃ្មុំលោក លី ឡេង បានដាក់ផែនការ និងប្រជុំដោះស្រាយ ជាបន្ដបន្ទាប់ទៅលើ បញ្ហាមួយនេះ។
មន្ដ្រីនគរបាល និងមន្រ្តីសាលាខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះថា «ក្រោយពីមានបទបញ្ជារបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងវិធានការជាក់ស្ដែងរបស់អភិបាលខេត្តនោះលោកស្នងការ នគរបាលខេត្ត ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានដាក់បទញ្ជាទៅកាន់ នគរបាលប៉ុស្ដិ៍ និងនគរបាលដែលប្រចាំការនៅតាមច្រក សហការជាមួយមន្រ្តីពាក់ព័ន្ធ ត្រូវទប់ស្កាត់ឲ្យមានប្រសិទ្ធភាពជាទីបំផុត ចំពោះបញ្ហាមួយនេះ»។
ជាលទ្ធផលសកម្មភាពរបស់ក្រុមឈ្មួញវៀតណាម ត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពប្រមាណ៩៥ភាគរយពោលលែងមាន សកម្មភាពរបស់ពួកគេ មកសំរុកដើរទិញ និងកាប់ដើមឈើទាំងនេះ នាំទៅកាន់ប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រែងទៀតឡើយ។
យ៉ាងណាក៏ដោយប្រភពព័ត៌មាន ពីអ្នករកស៊ីទិញប្រភេទឈើទាំងនេះ បានលួចបង្ហើបថា បើទោះបីសកម្មភាពនាំចេញរបស់ឈ្មួញ វៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ បានស្ងប់ស្ងាត់ក៏ដោយនោះ ប៉ុន្ដែសកម្មភាពរបស់ពួកគេ បានកើតមានឡើងនៅតាម ច្រកព្រំដែន (ច្រកម៉ឺនជ័យ) ក្នុងខេត្តព្រៃវែងឯណោះវិញ ដូច្នេះសូមអំពាវនាវ ដល់អភិបាលខេត្តព្រៃវែងលោក ជា សុមេធី មានវិធានការយ៉ាង ម៉ឺងម៉ាត់ចំពោះបញ្ហានេះផង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នករកស៊ីកែច្នៃដើមកៅស៊ូ ដើមស្វាយចន្ទី និងដើមអាកាស្យាជាដើម នៅក្នុងខេត្តត្បូឃ្មុំ បានលើកឡើង ពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ សម្រាប់របររកស៊ីរបស់ពួកគេ បន្ទាប់ពីក្រុមឈ្មួញវៀតណាម តាំងពីដើមឆ្នាំ២០១៧ បានសម្រុកមកដើរទិញ ពីប្រជាពលរដ្ឋ តាមចំការ និងជួលឲ្យកាប់ ជួលឲ្យដឹកជញ្ជូន សម្រុកនាំចេញតាមច្រករបៀង ស្ទើរតែទាំងអស់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនបាន បង់ពន្ធជូនរដ្ឋនោះឡើយ។
តំណាងសមាគមរោងចក្រកែច្នៃឈើកៅស៊ូ ក្នុងខេត្តត្បូងឃ្មុំ លោក សុខ លាងស្រេន ធ្លាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ពីផលលំបាករបស់ពួកគេ ក្នុងការស្វែងរកទិញ ឈើកៅស៊ូ តាមការបញ្ជា ទិញពីក្រុមហ៊ុននានា ដោយហេតុផលថា ឈ្មួញវៀតណាម បានសម្រុក មកទិញ ពីប្រជាពលរដ្ឋឲ្យតម្លៃថ្លៃ ប៉ុន្ដែពួកគេធ្វើការកាប់ដឹកជញ្ជូន តាមច្រករបៀងស្ទើរតែទាំងអស់ក្នុងស្រុកមេមត់ ដូចជា៖ ច្រកអូនជ្រូក ច្រកដា និងច្រកក្រវៀនជាដើម គេចពីការបង់ពន្ធតាមរយៈការនាំ ចេញតាមច្រកអន្ដរជាតិ ដែលធ្វើឲ្យបាត់បង់ចំណូល រដ្ឋយ៉ាងច្រើន។
ដោយឡែក ឈ្មួញខ្មែរ ដែលជាប្រធានរោងចក្រម្នាក់ទៀត នៅខេត្តត្បូងឃ្មុំនោះ សូមមិនបញ្ចេញឈ្មោះ ក៏បានលើកឡើងពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារតែឈ្មួញ វៀតណាម ចូលមកទិញ និងកាប់ដឹកជញ្ជូនឈើកៅស៊ូ ស្វាយចន្ទីជាដើមនេះ នាំចេញតាមច្រករបៀង ខណៈដែលក្រុមរបស់លោកដឹកជញ្ជូនចេញតាមច្រកអន្ដរជាតិ មានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
លោកបានឲ្យដឹងថា ក្នុងឈើមួយម៉ែត្រគូប គឺត្រូវបង់ពន្ធជូនរដ្ឋចំនួន១៥ភាគរយ ហើយការពីមិនទាន់មានក្រុមឈ្មូញវៀតណាមចូលមក ទិញនោះ ក្នុងមួយខែៗការនាំចេញឈើកៅ ស៊ូកែច្នៃ មិនតិចជាង១ម៉ឺនម៉ែត្រគូបនោះឡើយ ប៉ុន្ដែឥឡូវមានការថយចុះរហូតជាង៥០ ភាគរយ។
យោងតាមលិខិតដែលដាក់ជូនទៅរដ្ឋមន្ដ្រីក្រសួងកសិកម្ម «ពួកគេបានស្នើឲ្យអន្ដរាគមន៍មកអភិបាលខេត្ត ដើម្បីមានវិធានការជួយ ផ្សព្វផ្សាយដល់មន្ដ្រី តាមប៉ុស្ដិ៍រដ្ឋបាលឃុំ និងស្ថាប័នតាមច្រករបៀងក្នុងស្រុកមេមត់ទាំងមូល ដើម្បីទប់ស្កាត់ជនជាតិវៀតណាម ចូលមកទិញដើមកៅស៊ូពីប្រជាជនខ្មែរ ហើយជួលឡានខ្មែរដឹកនាំចេញឈើមូលខាងលើ យ៉ាងអាណាធិបតេយ្យចូលទឹកដីវៀតណាម មកអនុវត្តតាមច្បាប់នាំចេញ»។ នៅក្នុងលិខិតនេះពួកគេ បានលើកឡើងពីផលប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរ ហើយជាពិសេសនោះ បាត់ចំណូលរដ្ឋតែម្ដង។
ភ្លាមៗបន្ទាប់ពីរឿងនេះកើតឡើង ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា លោកនឹងធ្វើការ ស្រាវជ្រាវ ហើយត្រៀមចាត់វិធានការ ក៏ដូចជាការទប់ស្កាត់ បន្ទាប់ពីមានព័ត៌មានថា មានឈ្មួញវៀតណាមសម្រុកមកដើរទិញនិងកាប់ ដើមកៅស៊ូ ស្វាយចន្ទី អាកាស្យា នាំចេញតាមច្រករបៀង ក្នុងស្រុកមេមត់ នាំឲ្យប៉ះពាល់ ចំណូលជាតិយ៉ាងខ្លាំង ដោយពួកគាត់មិន ឆ្លងកាត់តាមច្រកអន្តរជាតិ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនទាន់បានទទួលព័ត៌មានលម្អិត នៅឡើយទេ ប៉ុន្តែបើមានករណី ខុសច្បាប់នេះមែន ខ្ញុំនឹងស្រាវជ្រាវបន្ថែម ដើម្បីចាត់វិធានការ និងធ្វើការទប់ស្កាត់»៕