(ភ្នំពេញ)៖ លោក ពៅ ម៉ាលី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យទៅលោក សំរិត រឿន ប្រធានសន្តិសុខនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឲ្យចាត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានតឹងរឹងបំផុត ដើម្បីរារាំងកុំឲ្យមានអ្នករត់ការឯកសារក្រៅផ្លូវការនៅក្នុងបរិវេណអគ្គនាយកដ្ឋាន ដែលនាំឲ្យមានការយកកម្រៃសេវាខុសពីតារាងតម្លៃបានកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលកាន់កាប់តំណែងជារដ្ឋមន្រ្តី បាននិងកំពុងធ្វើកំណែទម្រង់យ៉ាងខ្លាំងទៅលើការផ្តល់សេវានានា ជាពិសេសកំពុងធ្វើទំនើបកម្មលើការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការផ្តល់សេវាជាច្រើនត្រូវបានដាក់ឲ្យប្រើប្រាស់ដូចជា ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យបច្ចេកទេសយានយន្តជាដើម។
ការធ្វើទំនើបកម្មលើការផ្តល់សេវានេះ ក្នុងគោលបំណងលុបបំបាត់ ការយកកម្រៃសេវាខុសពីតារាងកំណត់ ពីសំណាក់ជនខិលខូចមួយចំនួន។ បើទោះបីក្រសួងកំពុងប្រឹងប្រែង លុបបំបាត់ភាពមិនប្រក្រតីលើការផ្តល់សេវានេះយ៉ាងណាក្តី តែបច្ចុប្បន្នគេនៅតែសង្កេតឃើញក្រុមជនខិលខូចលួចឆ្លៀតឱកាសធ្វើសកម្មភាពដដែល។
ដើម្បីចៀសវាងនូវការចាញ់បោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យប្រជាពលរដ្ឋព្យាយាមប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលក្រសួងបានដាក់ឲ្យប្រើប្រាស់ក្នុងការផ្តល់ និងទទួលសេវា ហើយត្រូវពិនិត្យឲ្យបានច្បាស់លាស់នូវតារាងតម្លៃសេវារបស់ក្រសួង៕
ខាងក្រោមជាតារាងតម្លៃក្នុងការផ្តល់សេវានានានៅក្រសួងសាធារណាការ និងដឹកជញ្ជូន៖