(ភ្នំពេញ)៖ កន្លងមកលោក សុខ អឿន និងប្រពន្ធ បានដាក់ពាក្យបណ្ដឹងតវ៉ាទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំលុបលិខិតលេខ១៧៨៣ដនស/អគ្គាធិ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងដែនដី ដែលបានមោឃភាពនូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ប្តីប្រពន្ធទាំងពីរ ទៅតាមរបាយការណ៍ស្នើសុំរបស់លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីរាជធានី ដោយខុសពីការពិត។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អ្នកទាំងពីរដាក់ពាក្យសុំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីសុំឱ្យលោកអភិបាលអន្តរាគមន៍ទៅលោក សារិន វណ្ណា បញ្ជាក់ពីភាពត្រឹមត្រូវស្របច្បាប់ដែលកាលនោះ លោក ឃួង ស្រេង ជាអតីតអភិបាលខណ្ឌសែនសុខ បានចុះហត្ថលេខា លើពាក្យសុំសាងសង់របស់ពួកគាត់ហ៊ុំព័ន្ធដីឡូតិ៍ តាមទំហំដែលច្បាប់ទទួលស្គាល់តាមវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងមានការចុះពិនិត្យ វាស់វែង ពីមន្រ្តីជំនាញភូមិបាលខណ្ឌសែនសុខ។
ពួកគាត់អះអាងថា ពួកគាត់សាងសង់របងតាមទំហំដី មានក្នុងប័ណ្ណមានការអនុញ្ញាតពីអាជ្ញាធរបែរជាលោក សារិន វណ្ណា ធ្វើរបាយការណ៍បំភ័ន្តលោក ជា សុផារ៉ា ដោយជឿលើឈ្មោះ សុខ សាន្ត ដោយបំភ្លៃការពិតថា លោក សុខ អឿន ធ្វើរបងរំលោភលើផ្លូវសាធារណៈ ហើយសុំមោឃភាពប័ណ្ណកម្មសិទ្ធិរបស់គាត់។
ពួកគាត់សំណូមពរទៅលោក ឃួង ស្រេង ឱ្យស្រាវជ្រាវចំពោះការសាងសង់របងរបស់ឈ្មោះ សុខ សាន្ត និងឈ្មោះ សម វង តើមានច្បាប់អនុញ្ញាតទេ ព្រោះពួកគេទាំងពីរហ៊ុំព័ន្ធរបងលើពីទំហំដីដែលទទួលតាមប័ណ្ណនៅតែរួចពីសំណាញ់ច្បាប់ទៀត៕