(ភ្នំពេញ)៖ សំបុត្រសម្រាប់ចូលទស្សនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវវៀតណាម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី២៦ ខែសីហាស្អែកនេះ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។
យោងតាមការប្រកាសរបស់ FFC នាព្រឹកនេះបានឲ្យដឹងថា សំបុត្រទស្សនាក្រុមគោព្រៃកម្ពុជា ប្រកួតទល់នឹងក្រុមខ្លាំងមកពីប្រទេសជិតខាងភាគខាងកើត នឹងរក្សាតម្លៃធម្មតា ពោលគឺសំបុត្រពិសេសតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល ដែលនឹងមានលក់នៅច្រកចូលពហុកីឡដ្ឋានជាតិ។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតលើកទី៣ របស់ក្រុមទាំងពីរ ខណៈកម្ពុជា កំពុងឈរលេខរៀងទី២ និងមាន៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១ (ឈ្នះអាហ្វហ្គានីស្ថាន ១-០ និងចាញ់ហ្សកដានី ៧-0)។
ចំណែកក្រុមវៀតណាមវិញ កំពុងកាន់២ពិន្ទុក្នុងដៃនៅឡើយ ក្រោយបញ្ចប់ការប្រកួត២លើកស្មើទាំង ២ដង រួមមានស្មើម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន ១-១ និងស្មើហ្សកដានីក្នុងដី ០-០៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិវៀតណាម