(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជិតផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានរលត់ទៅវិញទាំងស្រុងហើយ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ដោយបានបំផា្លញផ្ទះ៣ខ្នង ខណៈសមត្ថកិច្ចប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។
មន្ដ្រីនគរបាលបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាប្រភពខ្លះសង្ស័យ មកពីឆេះម៉ូតូ១គ្រឿង នៅខាងក្រោមផ្ទះក៏ដោយ។ គ្រោះអគ្គិភ័យនេះបានឆេះរាលទៅបំផ្លាញផ្ទះទាំងស្រុង១ខ្នង ដែលធ្វើពីឈើលើថ្មក្រោម រហូតទៅឆេះ២ខ្នងផ្សេងទៀត រងការខូតខាតផងដែរ ដោយគិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។
យ៉ាងណាមិញ ជុំវិញរង្វង់ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១០គ្រឿង ដោយ៧គ្រឿង មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង៣គ្រឿងមកពីរដ្ឋបាលខណ្ឌជ្រោយចង្វារ ប៉ុន្ដែក្នុងគ្រោះថ្នាក់ដ៏កំណាចមួយនេះ មិនមានពលរដ្ឋណាម្នាក់រងនោះគ្រោះថ្នាក់នោះទេ៕