(ភ្នំពេញ)៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត និងឯកភាពទាំងស្រុងដោយគ្មានការកែប្រែក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ បានពិនិត្យមើលអំពីស្ថានភាពបច្ចប្បន្ននៃការអភិវឌ្ឍន៍សង្គមកិច្ច និងប្រជាសាស្ត្របានវិភាគអំពីផលវិបាកចម្បងៗ ពាក់ព័ន្ធនឹងមនុស្សចាស់មកលើការអភិវឌ្ឍន៍ក្នុងពេលបច្ចប្បន្ននិងអនាគត ហើយក៏បានកំណត់ឡើងនូវអាទិភាពចំនួន៩ ដែលមានទំនាក់ទំនងទៅនឹថមនុស្សវ័យចាស់។
អាទិភាពទាំង៩នេះ គឺជាគន្លឹះ ដើម្បីឈានទៅសម្រេចបាននូវចង្ខុវិស័យ និងគោលដៅរួមរបស់គោលនយោបាយ ហើយ អាទិភាពនីមួយៗ ត្រូវបានដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រគន្លឹះ ដើម្បីសម្រេចបាននូវអាទិភាពទាំងនេះ។ អាទិភាពទាំង៩នេះ រួមមាន (១) សន្តិសុខហិរញ្ញវត្ថុ, (២) សុខភាពនិងសុខុមាលភាព, (៣) របៀបរបសការរស់នៅ, (៤) បរិស្ថានអំណោយផល, (៥) វ័យចាស់សកម្មនិងសមាគមន៍មនុស្សចាស់, (៦) ទំនាក់ទំនងអន្តរជំនាន់, (៧) ការរំលាភបំពាន ការមិនអើពើ និងអំពើហឹង្សាលើមនុស្សចាស់, (៨) ស្ថានភាពមានអាសន្ន, (៩)ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេងសម្រាប់ការឈានចូលវ័យចាស់។
លោក ផៃ ស៊ីផាន បន្តថា គោលនយោបាយជាតិស្តីពីសឲមនុស្សវ័យ នេះត្រូវបានដាក់ឆ្លងដំណើរការពិគ្រោះយោបល់ច្រើនដំណាក់កាល រួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរវាងក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលមានសមាសភាពពី ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកិច្ចប្រជុំផ្ទៃក្នុងជាច្រើនដងរបស់លឹខាធិការដ្ឋាន នៃគណៈគម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធចំនួន១៥ ដោយមានការចូលរួមពីសហគមន៍ផងដែរ។
លើសពីនេះ គោលនយោបាយជាតិស្តីពីមនុស្សចាស់នេះ ត្រូវបានដាក់ឆ្លងការពិភាក្សាក្នុងសិក្ខាសាលាអន្តរក្រសួងចំនួនបីលើកទៀត ដោយមានការចូលរួមពីមន្រ្តីជំនាញនិងថ្នាក់ដឹកនាំនយោបាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល រួមមាន៖ សិក្ខាសាលាអន្តរក្រសួងកម្រិតបច្ចេកទេសចំនួនពីលើក នៅថ្ងសទី០៦ ខែតុលា ឆ្នាំ២០១៦ និងនូវថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៦ និងសិក្ខាសាលាអន្តរក្រសួង កម្រិតនយោបាយនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦។
បន្ទាប់ពីកិច្ចប្រជុំនិងសិក្ខាសាលាទំាងបីលើកនេះ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នំា២០១៧-២០៣០ ក៏ត្រូវបានដាក់ឆ្លងពិភាក្សាពិគ្រោះយោបល់ចុងក្រោយក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា ជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះជាពិសេសទិសដៅនិងយុទ្ធសាស្រ្តគន្លឹះដែលបានស្នើឡើងនៅក្នុងឯកសារនេះ ទាមទារឱ្យមានកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរយមគ្នា រវាងក្រសួងស្ថាប័នជំនាញ និងអ្នកមានចំណេកពាក់ព័ន្ធទាំងអស់ សំដៅប្រេក្លាយគោលនយោបាយនេះ ឱ្យទៅជាការអនុវត្តជាក់ស្តេង។ ក្នុងន័យនេះសម្រាប់ជំនាញការងារបន្តក្នុងពេលខាងមុខ ទិសដៅ និងយុទ្ធសាស្ត្រទាំងនេះ នឹងត្រូវយកទៅធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពលម្អិត ដើម្បីក្លាយជាសកម្មភាពអនុវត្តជាក់ស្តែងតាមវិស័យ។
របាយការណ៍បានបង្ហាញថា ភាគរយប្រជាជនកម្ពុជាអាយុ ៦០ឆ្នាំឡើង មាន៨ភាគរយ នៅឆ្នាំ២០១៣ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់១១% នៅឆ្នាំ២០២៣។
ការឈានចូលវ័យជរារបស់ប្រជាជនវ័យចាស់ ក៏កំពុងតែជាឧបសគ្គដែលត្រូវយកចិត្តទុកដាក់ ដែលស្តែងចេញនូវទិដ្ឋភាពដ៏សំខាន់ពីរនៃប្រជាជនវ័យចាស់ គឺការឈានចូលវ័យជរារបស់ប្រជាជនវ័យចាស់ និងកំណើនចំនួនស្ត្រីវ័យចាស់។ ថ្វីបើមនុស្សចាស់ប្រឈមជាមួយ បញ្ហាផ្សេងជាច្រើនក្តី ពួកគាត់ត្រូវប្រឈាមនឹងបញ្ហាផ្សេងគ្នា និងកាន់តែធ្ងន់ធ្ងរថែមទៀត ពេលពួកគាត់មានអាយុកាន់តែចាស់ខ្លាំងទៅ។ ដូចគ្នានេះដែរ ស្រ្តីវ័យចាស់ច្រើនតែមានភាពងាយរងគ្រោះជាងបុរសវ័យចាស់។
គិតចាប់តំាងពីឆ្នាំ២០០៣ មក រាជរដ្ឋាភិបាលបាននំាមកនូវវឌ្ឍនភាពដ៏ឆាប់រហ័ស ទំាងក្នុងវិស័យសង្គមកិច្ច ទំាងក្នុងវិស័យសង្គមកិច្ច ទំាងអស់ក្នុងវិស័យសេដ្ឋកិច្ច។ ស្ថានភាពសុខភាពរបស់មាតាទារក និងកុមារ មានភាពប្រសើរឡើងជាលំដាប់ ដែលស្តែងឡើងតាមការធ្លាក់ចុះយ៉ាងច្រើននៃអត្រាមរណភាពមាតា ទារក និងកុមារ។
វឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបានរហូតមកទល់ពេលនេះ ពាក់ព័ន្ធនឹងការធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិតរបស់ប្រជាជន ជាពិសេស អាយុកាលសង្ឃឹមរស់ (កើនឡើងពី ៥៨ឆ្នាំសម្រាប់បុរស និង ៦៤ឆ្នាំសម្រាប់ស្ត្រី នៅឆ្នាំ២០០៤ ដល់ ៦៧ឆ្នាំសម្រាប់បុរស និង៧១ឆ្នាំ សម្រាប់ស្រ្តី នៅឆ្នាំ២០១៣) ស្ថានភាពសុខភាពរបស់មាតា (អត្រាមរណភាពរបស់មាតាបានថយចុះពី ៤៦១នាក់ក្នុង ១០០ ០០០ កំណើតរស់នៅឆ្នាំ២០០៨ មក ១៧០នាក់ នៅឆ្នាំ២០១៤) និងស្ថានភាពសុខភាពរបស់កុមារ (អត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ បានថយចុះយ៉ាងខ្លាំងពី ១២៤នាក់ ក្នុងចំណោមកុមារ ១ ០០០ នៅឆ្នាំ២០០០ មកត្រឹម ៣៥នាក់ នៅឆ្នាំ២០១៤) និងស្ថានភាពសុខភាពបន្តពូជ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ជាច្រើនរបស់រាជរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ជាពិសេស តាមរយៈ សូចនាករតាមដានត្រួតពិនិត្យរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨។
ការទទួលបានការអប់រំ បានប្រសើរឡើងជាលំដាប់ ទាំងបរិមាណ ទាំងគុណភាព ដោយបានកាត់បន្ថយ ទាំងគម្លាតរវាងតំបន់ទីប្រជុំជន និងតមបន់ជនបទ ទាំងយុគភាពយេនឌ័រ ក្នុងវិស័យអប់រំ។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ត្រុវបានបង្កើតឡើងពី ដោយបានជំរុញអោយមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស (ផ.ស.ស. ក្នុងប្រជាជនម្នាក់ បានកើនឡើងពី ៣៦៧ដុល្លារ ក្នុងឆ្នាំ ២០០៣ ដល់ ១ ៣០០ ដុល្លារ ក្នុងឆ្នាំ ២០១៦) ដែលបានបង្កើតការងារជាច្រើនថែមទៀតហើយបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ (អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៩% ក្នុងឆ្នាំ២០០៩ មកនៅជុំវិញ ១៤% ក្នុងឆ្នាំ២០១៤)៕