(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានសម្រេចឲ្យធ្វើវិសោធនកម្មទៅលើមាត្រាចំនួន៥ នៃច្បាប់ស្តីពីជលផល។ មាត្រាទាំង៥ នៃច្បាប់ស្តីពីជលផល ដែលសម្រេចឲ្យ ធ្វើវិសោធនកម្មនោះរួមមាន៖ មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ការធ្វើវិសោធនកម្មលើមាត្រាទាំង ៥នេះ មានគោលដៅសំខាន់ចំនួន៣រួមមាន៖ ១. កែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងជូនថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមរបបវិមជ្ឈការ និងវិសហវិជ្ឈការ, ២. កែសម្រួលបន្ថយទំហំក្រឡាសាច់មង ឬអួន តាមសំណើ និងសំណូមពររបស់ប្រជានេសាទ និងទី៣. ផ្តល់សិទ្ធិធ្វើនេសាទ ដោយឧបករណ៍នេសាទ លបណ ឬរ៉ាវ ឬលបឡុក និងឧបករណ៍អួនជូនប្រជានេសាទ តាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើវេទិកាសាធារណៈ និងវេទិកាតុមូលកន្លងមក។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះ «សរុបមកការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផលនេះ គឺជាទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃសង្គម សេដ្ឋកិច្ច ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទត្រូវការច្បាប់ស្តីពីជលផល ដែលមានលក្ខណៈគ្រប់គ្រាន់ផ្នែកលើគតិយុត្ត និងមានចរិតលក្ខណៈបម្រើផលប្រយោជន៍សង្គមពិតប្រាកដ ជាពិសេសប្រជានេសាទ នៅសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អភិបាលកិច្ចល្អ»។
លោក ផៃ ស៊ីផាន បានបង្ហាញក្តីរំពឹងថា នៅពេលសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីជលផលក្រោយនេះ បានពិភាក្សា និងផ្តល់យោបល់កែសម្រួលបន្ថែម និងដាក់ជូនអង្គនីតិប្បញ្ញត្តិអនុម័តរួចហើយនោះ ប្រាកដជានឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការចាត់វិធានការគ្រប់គ្រង និងថែរក្សា ការពារធនធានជលផលឲ្យមាននិរន្តរភាពសម្រាប់មនុស្សគ្រប់ជំនាន់។
បើតាមលោក ផៃ ស៊ីផាន ចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន រដ្ឋបាលជលផល បានប្រជុំពិភាក្សារៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីជលផលសរុបចំនួន៥០លើក ដែលមានការកែប្រែចំនួន ៤២មាត្រា បន្ថែមមាត្រាស្ទួន ២មាត្រា និងលុបទាំងស្រុងចំនួន៤មាត្រា។ ដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការហ្វាវ (FAO) រដ្ឋបាលជលផល បាននឹងកំពុងសិក្សាស្វែងយល់អំពីច្បាប់សមុទ្រអន្តរជាតិ ដើម្បីរៀបចំបញ្ចូលបន្ថែមមាត្រាមួយចំនួនទាក់ទងការគ្រប់គ្រងជលផលសមុទ្រកម្ពុជា ឲ្យបានសមស្របទៅនឹងច្បាប់សមុទ្រអន្តរជាតិ។
ដោយឡែកនៅឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ នៃគណៈរដ្ឋមន្រ្តី អភិបាល នៃ គណៈអភិបាលខេត្តពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត បានពិភាក្សា និងសម្រេចលើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីជលផលតែចំនូន៥មាត្រាប៉ុណ្ណោះ ដែលជាចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជានេសាទ៕