(កំពង់ស្ពឺ)៖ ​នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៥ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅចំណតផ្សារត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ពលរដ្ឋមួយចំនួនធំនៅផ្សារត្រពាំងក្រឡឹង បានខកចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការមុន ពិសេសព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមិនហ៊ានលះបង់ពេលវេលា ដើម្បីរកថវិកាជួយសាងសង់ចេតិយ ជូនបណ្ឌិត កែម ឡី បាន។

លោកថ្លែងយ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរមួយចំនួនធំ ពីផ្សារត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ បានខកចិត្តយ៉ាងខ្លាំង​ចំពោះលោកសង្ឃ ប៊ុត ប៊ុនតិញ និងសមាជិកគណៈកម្មការមុនៗ ដែល មិនហ៊ានលះបង់ពេលវេលា ដើម្បីស្វែងរកមូលនិធិជួយសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ហើយពួកគាត់បានកត់សម្គាល់ថា សង្ឃ ប៊ុត ប៊ុនតិញ គឺជាបុគ្គលតួ​ឯកនិយម ពោលគឺសង្ឃ ប៊ុត ប៊ុនតិញ តែងតែចាត់ទុកអ្នកដទៃមិនស្មើរនឹងខ្លួន»

លោក ពេជ្រ ស្រស់ ​បញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។

សូមជម្រាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕