(ភ្នំពេញ)៖ សំណុំរឿងអ្នកស្រី ទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» នឹងត្រូវតុលាការកំពូល បើកសវនាការរឿងអង្គសេចក្តីនាព្រឹកថ្ងៃទី២៥ ខែសីហា នេះ។ នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញា នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល។
សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ។
ស្ត្រីទាំង ៤នាក់មានឈ្មោះ ទេព វន្នី កំពុងជាប់ពន្ធនាគារ។ ឈ្មោះ ហេង មុំ អាយុ ៤១ឆ្នាំ ឈ្មោះ បូ ឆវី អាយុ ៣៧ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ ៤៣ឆ្នាំ បច្ចុប្បន្ននៅក្រៅឃុំ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៦ខែ ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រា៥០២ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ។
តុលាការបានផ្តន្ទាទោសស្ត្រីបឹងកក់ទាំង ៤នាក់ បន្ទាប់ពីពួកគេបានជេរប្រមាថ និង ប្រឆាំង នឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី ។
កន្លងមកពួកគេ បានបដិសេធដូចគ្នាថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើតុលាការលើកលែងការចោទប្រកាន់ដល់ពួកគេ៕