(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលខេត្ត បានប្រកាសជាផ្លូវនូវការដាក់ចេញការយុទ្ធនាការ «កម្ពុជាស្អាត» និងគេហទំព័រ www.Cambodiacleanup.com។
តាមរយៈគេហទំព័រនេះ សាធារណជនអាចធ្វើការចុះឈ្មោះសម្អាតដោយស្ម័គ្រចិត្ត ឬស្វែងរកព័ត៌មានទីតាំងសម្អាតដោយងាយស្រួល ដើម្បីអនុញ្ញាតឱ្យមានជាកម្មវិធីអចិន្ត្រៃយ៍សម្អាតទីក្រុង ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ភ្ញៀវទេសចរ យុវជន និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ហើយតាមរយៈនៃយុទ្ធនាការនេះ ជាឱកាសចែករំលែកនូវបទពិសោធន៍ល្អៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាសារបញ្ជ្រាបការយល់ដឹង អំពីការឈប់បោះសំរាមចោលពាសវាលពាសកាល ការបំពាក់ធុងសំរាមគ្រប់គ្រាន់ និងការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្លូវថ្មើរជើង បង្គន់សាធារណៈត្រឹមត្រូវ។ល។
តាមរយៈនៃយុទ្ធនាការនេះ លោករដ្ឋមន្រ្តី និងដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបង្កើតជ័យលាភីបុគ្គលឆ្នើម និងអង្គភាពឆ្នើមប្រចាំឆ្នាំ (Clean City Hero) ដើម្បីទទួលស្គាល់ និងលើកទឹកចិត្តឲ្យមានការចូលរួមរបស់យុវជន ប្រជាពលរដ្ឋ អង្គការនានា ដែលជាតួអង្គស្នូលរួមជាមួយអាជ្ញាធរ សង្គាត់ និងខណ្ឌ ក្នុងការជំរុញដាក់អនុវត្តកម្មវិធីអចិន្ត្រៃយ៍នេះឱ្យមានរៀបចំជារៀងរាល់ចុងសប្តាហ៍។
លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ក្រុង-ខណ្ឌនីមួយៗ រៀបចំឱ្យបានសង្កាត់គំរូមួយក្នុងក្រុង-ខណ្ឌនីមួយៗ ដោយត្រូវគិតគូរអំពីការអនុវត្តនូវយុទ្ធនាការ «កម្ពុជាស្អាត (Cambodia: Clean Up» អមជាមួយការរៀបចំឱ្យបាននូវសណ្តាបធ្នាប់ អនាម័យ មានបង្គន់សាធារណៈគ្រប់គ្រាន់ ដើម្បីឈានឆ្ពោះទៅទទួលបានជ័យលាភីកម្រិតកាន់តែខ្ពស់ នៅក្នុងការប្រឡងប្រណាំងទីក្រុងស្អាត លើកទី២ និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយស្នើឱ្យមានការរៀបចំជាអង្គការចាត់ចែងអនុវត្តច្បាស់លាស់ មានការចូលរួមពីមន្ត្រីក្រុង-ខណ្ឌ សង្កាត់ សហគមន៍ តំណាងប្រជាពលរដ្ឋ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី-ខេត្ត និងមន្ត្រីក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត។
សូមបញ្ជាក់ថា ក្នុងអង្គពិធីក៏បានចុះកិច្ចព្រមព្រៀងលើសេចក្តីថ្លែងការណ៍រួមស្តីពី ការគាំទ្រយុទ្ធនាការកម្ពុជាស្អាត ដោយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
យុទ្ធនាការកម្ពុជាស្អាតនឹងក្លាយជាយុទ្ធនាការអចិន្ត្រៃយ៍សម្រាប់ការសម្អាតនៅតាមទីក្រុង ទីប្រជុំជន និងរមណីយដ្ឋានទេសចរណ៍ និងរោងចក្រនានា ដែលរំពឹងថា នឹងចូលរួមលើកកម្ពស់របៀបរស់នៅបែបបៃតង (Green Living) កាន់តែខ្លាំងថែមទៀត៕