(ភ្នំពេញ)៖ លោក ហ៊ាង គឹមស្រឿន អនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលជាគណបក្សមិនសូវឮឈ្មោះ បានប្តឹងលោក សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០៨បទល្មើស ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលោកបណ្ឌិត បានថ្លែងថា ផ្ទះកំណើតរបស់សម្ដេច ហេង សំរិន ស្ថិតនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្នុងសន្និសីទសារព័ត៌មាន នៅរាជបណ្ឌិតសភាកម្ពុជា។
ពាក្យបណ្តឹងរបស់លោក ហ៊ាង គឹមសឿង ដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៧នេះ បានប្តឹងចោទប្រកាន់លោក សុខ ទូច ចំនួន ០៨បទល្មើសរួមមាន៖ ទី១៖ គំរាមកំហែងកេរ្តិ៍ ទី២៖ ញុះញង់ឲ្យមានការរើសអើង ទី៣៖ ប្រមាថ និងប្រឆាំងអ្នករាជការសារធារណៈ ទី៤៖ ជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ទី៥៖ ប្រើប្រាស់លិខិតនិងឯកសារដែលបង្កើតឲ្យមានការភ័ន្តច្រឡំ ទី៦៖ ផ្តល់ព័ត៌មានមិនពិត ទី៧៖ លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ និងទី៨៖ ក្បត់ជាតិ។
នៅក្នុងពាក្យបណ្តឹងនោះ លោក ហ៊ាង គឹមសឿង បានរៀបរាប់ថា ការលើកឡើងរបស់បណ្ឌិតសុខទូច ជាការមិនពិតបំភ្លៃប្រវត្តិសាស្រ្ត ប៉ះពាល់ដល់កិត្តិយសជាតិខ្មែរ និងថ្នាក់ដឹកនាំ ព្រមទាំងជាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរ កាន់តែបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទន្ទឹមនិងការប្តឹងលោកអនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ បានសំណូមចំនួន ០២ចំណុចដល់តុលាការគឺ៖ ទី១៖ សុំឲ្យលោក សុខ ទូច បង្ហាញឯកសារដែលថា សម្តេច ហេង សំរិន ទៅយកដីវៀតណាមរស់នៅ និងផែនទីជាក់លាក់របស់ព្រះរាជាណាចក្រកម្ពុជា ជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ អាចជឿទុកចិត្តបានព្រមទាំង ភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ និងទី២៖ សុំឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកកាពិត ដែលលោក សុខទូច ចោទប្រកាន់ថា សម្តេច ហេង សំរិន យកដីវៀតណាមរស់នៅ។
សូមបញ្ជាក់ថា ភូមិឋានកំណើតរបស់សម្តេច ហេង សំរិន ស្ថិតនៅភូមិ អន្លង់ជ្រៃនិងថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បួងឃុំ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ឡាវ នៅរាជបណ្ឌិត្យសភា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក សុខ ទូច បានថ្លែងថា បើពិនិត្យតាមផែនទីដីផ្ទះកំណើតរបស់សម្ដេច ហេង សំរិន បានទៅលើវៀតណាម។
តែបើទោះបីជាយ៉ាងណាតាមការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដីភូមិឋានកំណើតរបស់សម្តេច ហេង សំរិន ត្រូវបានរក្សា នៅដដែល ដោយកាត់ជំនួសនៅតំបន់ផ្សេងឲ្យប្រទេសវៀតណាមវិញ។ តាមការពិនិត្យផែនទីបន្សល់ពីអាណានិគមបារាំង មិនមែនមានតែដីកម្ពុជាទេ ដែលត្រូវចូលទៅខាងប្រទេសវៀតណាម ដីវៀតណាមមួយចំនួន ក៏ត្រូវចូលមកខាងប្រទេសកម្ពុជាវិញផងដែរ៕