(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងនាំយកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ និងសម្លៀកបំពាក់ច្នៃម៉ូតកម្រិតអន្តរជាតិ ដែលផលិតនៅស្រុកខ្មែរ ទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត នៅ ពិព័រណ៍សម្លៀកបំពាក់ «APPAREL SOURCING PARIS 2017» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំងខាងមុខនេះ។

ដើម្បីឱ្យការចូលរួមរបស់កម្ពុជាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ ខាងក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ បានបង្ហាញពីសម្លៀកបំពាក់ដែលមានគុណភាពល្អៗមួយចំនួន ដែលជាស្នាដៃខ្មែរ ហើយអាចប្រកួតប្រជែងបានក្នុងទីផ្សារអឺរ៉ុបទៀតផង។ បន្ទាប់ពីបានពិនិត្យមើលសម្លៀកបំពាក់ទាំងនោះយ៉ាងយកចិត្តទុកដាក់ លោករដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងដល់ក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ខ្មែរ ហើយបានសង្ឃឹមយ៉ាងមុតមាំថា សម្លៀកបំពាក់ខ្មែរ នឹងត្រូវបានទទួលការគាំទ្រពីសំណាក់ជនជាតិបារាំង ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបទាំងមូល។

សូមជម្រាបផងដែរថា កម្ពុជា មានពាណិជ្ជករកម្ពុជាចំនួន ០៩ក្រុមហ៊ុន ទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយពីឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់នៅកម្ពុជា ក៏ដូចជា ដើម្បីជំរុញផលិតផលកាត់ដេរ និងសម្លៀកបំពាក់កម្ពុជាចូលក្នុងទីផ្សារអឺរ៉ុបបន្ថែមទៀត។ ក្នុងឱកាសនោះលោករដ្ឋមន្រ្តីពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីសន្និសីទព័ត៌មាន កិច្ចប្រជុំតុមូល និងសកម្មភាពជំរុញពាណិជ្ជកម្មមួយចំនួនទៀតផង ដើម្បីជំរុញឱ្យមានការវិនិយោគនៅកម្ពុជាទាក់ទងនឹងឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ កាន់តែមានការកើនឡើង៕