(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកឲ្យប្រទេសថៃបង្កើនការនាំទំនិញពីប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ននេះកម្ពុជា នាំទំនិញមកពីប្រទេសថៃយ៉ាងច្រើន។ បើតាមសម្តេចតេជោ ហ៊ុន សែន ការនាំទំនិញពីកម្ពុជា ទៅថៃ និងការនាំទំនិញពីថៃ មកកម្ពុជា ខុសគ្នារហូតដល់ទៅ ៥ដង។
ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។
យោងតាមរបាយការណ៍ពាណិជ្ជកម្មរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានចំនួន ២,៩៣០.០៩លានដុល្លារ កើនឡើង ៩.៨៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦ ដែលមានត្រឹមតែ ២,៦៦៦.៥០លានដុល្លារ។
ទំហំពាណិជ្ជកម្មនេះ កម្ពុជានាំចេញទំនិញ និងផលិតផលទៅប្រទេសថៃ មានចំនួនទឹកប្រាក់ ៤៥៣.៤១លានដុល្លារ ធ្លាក់ចុះ២០.៤០% ខណៈថៃនាំចូលទំនិញ និងផលិតផលមកកម្ពុជា មានទំហំទឹកប្រាក់ ២,៤៧៦.៦៧លានដុល្លារ កើនឡើង១៨.១១ភាគរយ។
ក្នុងជំនួបនារសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើថៃពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងមេទឹកនៅខេត្តកោះកុង ដោយត្រូវចែករំលែកទឹកប្រើប្រាស់ឲ្យខេត្តជាប់ប្រទេសទាំងពីរ ឲ្យបានគ្រប់គ្រាន់ ហើយត្រូវសហការដោះស្រាយគ្រោះមហន្តរាយតាមព្រុំដែនប្រទេសទាំងពីរឲ្យបានល្អ និងមានប្រសិទ្ឋភាព។
តាមរយៈនាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នារវាងប្រទេសទាំងពីរនៅកម្ពុជានាពេលខាងមុខ។
តាមរយៈជំនួបនេះនាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា សំដែងនូវក្តីរីករាយ និងមោទនភាពផងដែរ ចំពោះភាពរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ ក៏បានគាំទ្រនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវមិត្តភាព និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានអះអាងថា លោកនឹងរាយការណ៍ជូននាយករដ្ឋមន្ត្រីថៃ រាល់សំណើដែលសម្តេចតេជោបានលើកឡើង។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បាននិងកំពុងដឹកនាំគណៈប្រតិភូរបស់ប្រទេសថៃ ចូលរួមកិច្ចប្រជុំស្តីពីការអភិវឌ្ឍខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា៕