(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាលអាជីវករនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅផ្សាធំមានជ័យ ស្ថិតក្រុងសិរីសោភ័ណ។
តំណាងក្រុមហ៊ុនផ្សារធំថ្មីបានថ្លែងថា ផ្សារធំមានជ័យនេះបានបើកដំណើរការ រយៈពេល៣ឆ្នាំមកហើយ ដែលឲ្យអាជីវករចូលលក់ដូរក្នុងផ្សារបានដំណើរ ហើយមានអាជីវករខ្លះ មានតូបហើយមិនបានបើកតូបលក់រាល់ថ្ងៃទេ ចាត់ទុកថា អាជីវករនោះបង់សិទ្ធិគ្រប់គ្រងតូបដោយខ្លួនឯង។
តំណាងបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារធំមានជ័យ បានដាក់ពិន័យក្នុងខែទី១ មិនបើកតូបក្នុងរយៈពេល២ថ្ងៃ ត្រូវបង់ប្រាក់បន្ថែមឲ្យផ្សារ២០% នៃតំលៃតូបជួល ខែទី២ បង់៥០% និងខែទី៣ គណៈកម្មការផ្សារដកតូប។
តំណាងអាជីវករសំណូមពរដល់ម្ចាស់ក្រុមហ៊ុនផ្សារធំថ្មីមានជ័យ ឲ្យអាជីវបើកតូបលក់ដូរ គឺសុំឲ្យម្ចាស់ផ្សារធំថ្មីមានជ័យ ត្រូវផ្សាយពាណិជ្ជកម្ម បិតប៉ាណូឲ្យមហាជន បានដឹងមានភ្ញៀវចេញចូលមកទិញទំនិញ ទើបអាជីវករលក់ទំនិញដាច់បើកលក់ជាប្រចាំ។
លោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុងសិរីសោភ័ណ មានផ្សារចំនួន៨កន្លែង ដែលកំពុងដំណើរការលក់ដូរ សម្រាប់ជីវភាពគ្រួសារ និងដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោក អោម ចន្ថា អភិបាលរងខេត្ត បានកោតសសើរចំពោះលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ដែលជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ ក្នុងផ្សារធំថ្មីមានជ័យ ដែលជាផ្សារពាក់កណ្តាលទំនើប មានតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងថា ផ្សារធំមានជ័យ គឺជាផ្សារមួយគត់ក្នុងខេត្តបន្ទាយមានជ័យដែលពាក់កណ្តាលផ្សារទំនើប ក្រោយពេលដែលបើកដាក់សម្ពោធឲ្យ ចូលលក់ដូររយៈពេលជិត៣ឆ្នាំមកហើយ។ ការលក់ដូរកន្លងមកក្រុមហ៊ុនផ្សារធំមានជ័យ ដោយយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋ បានឲ្យអាជីវករលក់ដោយហ្វ្រីរយៈពេល ២ឆ្នាំមកហើយ ដើម្បីឲ្យអាជីវករចូលលក់ដូរគ្រប់តាមតំរូវការ ក្រុមហ៊ុនផ្សារធំមានជ័យ និងបន្តហ្វ្រីជូនដោយឥតគិតថ្លៃ២ឆ្នាំបន្ថែមទៀត៕