(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទម្លាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើពុំមានការអនុគ្រោះលក្ខខណ្ឌមួយ ពីសំណាក់ក្រសួងហាជ្ជី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលក្រុមហ៊ុននាំហាជ្ជីទាំងអស់ មិនបានបំពេញទេនោះ បងប្អូនមុស្លិមទាំងអស់ មិនអាចអញ្ជើញទៅចូលរួម ប្រតិបត្តិបុណ្យហាជ្ជ នៅក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានទេ លើកលែងតែគណៈប្រតិភូមុស្លិមកម្ពុជាចំនួន២០នាក់ ដែលឧបត្ថម្ភដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តែប៉ុណ្ណោះ។
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក អូស្មាន ហាស្សាន់ ទម្លាយប្រាប់ក្នុងឱកាសដែលលោក និងភរិយា បានអញ្ជើញជាកិត្តិយស ជូនដំណើរបងប្អូនមុស្លិម ចំនួន១០៣នាក់ ទៅប្រតិបត្តិបុណ្យហាជ្ជ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ដែលជាក្រុមចុងក្រោយ។
លោកបានបញ្ជាក់ថា ដោយសារឆ្នាំនេះ រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់ចេញនូវលក្ខខណ្ឌជាច្រើន តម្រូវឲ្យក្រុមហ៊ុននាំហាជ្ជីទាំងអស់ ទូទាំងពិភពលោកបំពេញ ក្នុងនោះ មានលក្ខខណ្ឌចំនួនមួយ ដែលក្រុមហ៊ុននាំហាជ្ជីនៅប្រទេសកម្ពុជា មិនបានបំពេញ គឺមិនមានឈ្មោះជាសមាជិករបស់សមាគមដឹកជញ្ជូនអន្តរជាតិ ហៅកាត់ថា អៃតា (AITA) ដែលក្នុងករណីនេះ ក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត មិនអាចចេញ VISA ជូនបាន ហើយក្រុមហ៊ុននាំហាជ្ជី ក៏មិនអាចបង់កាតព្វកិច្ចផ្សេងៗ ដូចជា ការកក់កន្លែងស្នាក់នៅ ដឹកជញ្ជូន ម្ហូបអាហារ និងផ្សេងៗបានឡើយ។
លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រុញឲ្យលោក រួមនឹងមន្ត្រីពាក់ព័ន្ធនានា ខិតខំឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ឲ្យខាងតែបាន ព្រោះថា ប្រសិនបើបងប្អូនយើង ខកខានមិនអាចទៅចូលរួមបុណ្យហាជ្ជទេនោះ នឹងខាតបង់ធំមិនខាន ដោយសារ បងប្អូនយើងមិនបានទៅចូលរួមបំពេញ កាតព្វកិច្ចទី៥ របស់សាសនាឥស្លាម ហើយមួយវិញទៀត នឹងខាតបង់ថវិកាមួយចំនួនធំ ដោយសារយើងបានទិញសំបុត្រយន្តហោះ ក៏ដូចជា បានទិញរបស់របររួច បូករួមនឹងការចំណាយផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ដោយសារការខិតខំប្រឹងប្រែងធ្វើការទំនាក់ទំនងទាំងយប់ទាំងថ្ងៃ ទើបក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចអនុគ្រោះនូវលក្ខខណ្ឌនេះ។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានលើកលែងលក្ខខណ្ឌដ៏ធំនេះ ធ្វើឲ្យបងប្អូនអាចអញ្ជើញទៅទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជាំ ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម រួមនឹងមន្ត្រីស្ថានទូត ដែលបានខិតខំធ្វើការទាំងថ្ងៃទាំងយប់ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។
លោករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ ក៏មានផ្តាំផ្ញើ និងការជូនពរ ដល់បណ្តាអ្នក ដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ ទាំងអ្នកដែលបាន ចេញដំណើរផុតទៅ និងអ្នកដែលចេញ ដំណើរនៅថ្ងៃនេះ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងការបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម។ លោកក៏សូមសម្តែង នូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជារាល់សប្បុរសជនម្ចាស់ជំនួយ ដែលបានឧបត្ថម្ភដល់ប្រជាពលរដ្ឋឥស្លាមកម្ពុជា មានឱកាសទៅបំពេញ កាតតព្វកិច្ចបុណ្យហាជ្ជ ជារៀងរាល់ឆ្នាំ សង្ឃឹមថាគុណបំណាច់ទាំងនេះ នឹងទទួលបានមកវិញនូវការ ប្រោសប្រទានប្រសិទ្ធិពរជ័យ ជូនដល់សប្បុរសជន និងប្រទេសម្ចាស់ជំនួយខាងលើជាមិនខាន។
សូមជំរាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ហើយជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីប្រមាណ៤លាននាក់ អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ មានបងប្អូនខ្មែរឥស្លាមចំនួន ៦៤៧នាក់ បានអញ្ជើញទៅចូលរួមដែលក្នុងនោះ២០នាក់ ទទួលបានការឧបត្ថម្ភពីព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស អាឡាស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត, ០៥នាក់ ទទួលបានការឧបត្ថម្ភពីសមាគមសប្បុរសធម៌ឌូបៃ នៃប្រទេសអារ៉ាប់រួម អេមីរ៉ាត តាមរយៈសមាគមគ្រូពេទ្យឥស្លាមកម្ពុជា, ០៥នាក់ ទទួលបានការឧបត្ថម្ភពីអង្គការអន្តរជាតិមួយ របស់ប្រទេសម៉ាឡេស៊ី និងបងប្អូនខ្មែរឥស្លាមនៅខេត្តពោធិ៍សាត់ ចំនួន០២នាក់ទៀត ឧបត្ថម្ភដោយ លោក កែវ រតនៈ អគ្គនាយកអគ្គីសនីកម្ពុជា ហើយ០២នាក់ផ្សេងទៀត អវត្តមានមិនបានអញ្ជើញទៅដោយសារបញ្ហាសុខភាព៕