(ភ្នំពេញ)៖ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) CMVIC ដែលទទួលបានសិទ្ធិផ្តល់សេវាត្រួតពិនិត្យបច្ចេកទេសយានយន្តពីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកបញ្ជាក់ថា ខ្លួនមិនដែលទទួលប្រាក់សេវាដោយផ្ទាល់ពីម្ចាស់យានយន្តម្តងណានោះឡើយ។ ក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ គឺតម្រូវឲ្យបង់ថ្លៃសេវាតាមរយៈភ្នាក់ងារវីង ស្មាតលុយ ឬ លីហួវេលុយ។
ការចេញមកបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយថា ក្រុមហ៊ុននេះ បានទទួលថ្លៃសេវាត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្តលើសពីតារាងតម្លៃដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆ្លើយតបការលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនក៏បានធ្វើលិខិតបំភ្លឺមួយជូនដល់សាធារណជន ដើម្បីបញ្ចៀសការភាន់ច្រឡំ។ តាមរយៈលិខិតបំភ្លឺក្រុមហ៊ុន បានបញ្ជាក់ថា «ប្រជាពលរដ្ឋដែលទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវបង់ប្រាក់ដោយខ្លួនឯង តាមរយៈភ្នាក់ងារវីង ស្មាតលុយ ឬ លីហួវេលុយ។ ក្រុមហ៊ុនមិនដែលទទួលសេវាជាសាច់ប្រាក់ផ្ទាល់ពីប្រជាពលរដ្ឋម្តងណាឡើយ»។
ក្រុមហ៊ុនបន្តថា «ក្រុមហ៊ុន ក៏តែងតែធ្វើការណែនាំដល់បុគ្គលិកទាំងអស់ឲ្យធ្វើការតាមជំនាញប្រកបដោយសីលធម៌វិជ្ជាជីវៈ និងមិនឲ្យពាក់ព័ន្ធក្នុងការរត់ការខុសច្បាប់ ឬ ទារប្រាក់ពីម្ចាស់រថយន្តឡើយ»។
នៅក្នុងលិខិតបំភ្លឺនេះ ក្រុមហ៊ុន ក៏បានប្រកាសប្រកាន់នូវគោលជំហរមិនគាំទ្រដល់បុគ្គលិករូបណា ដែលប្រព្រឹត្តខុសច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈនោះឡើយ។ ក្រុមហ៊ុន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តប្រសិនបើរកឃើញភាពមិនប្រក្រតីលើការផ្ទាល់សេវាសូមរាយការណ៍ទៅកាន់លេខទូរស័ព្ទ៖ 017 720 557 / 011 579 697 ដើម្បីក្រុមហ៊ុនចាត់វិធានការជាបន្ទាន់តាមវិធានការរដ្ឋបាលក្រុមហ៊ុន និងតាមនីតិវិធី។
ដើម្បីចូលរួមកាត់បន្ថយនូវបញ្ហាមិនប្រក្រតីលើការទទួលសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ ក្រុមហ៊ុន CMVIC បានអំពាវនាវដល់ប្រជាពលរដ្ឋទៅរកសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តឲ្យដាក់ពាក្យទទួលសេវានៅតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចូលទៅកាន់គេហទំព័រ techinspection.mpwt.gov.kh ដើម្បីកក់ពេលវេលា និងទីតាំង រួចទូទាត់ប្រាក់តាមរយៈភ្នាក់ងារវីង ស្មាត់លុយ និងលីហួវេលុយ ជៀសវាងការពឹងពាក់អ្នករត់ការ ដែលនាំឲ្យខាតបង់ថវិកាក្រៅសេវាកំណត់។
ក្រុមហ៊ុន ក៏បានស្នើឲ្យប្រជាពលរដ្ឋទៅរកសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តពិនិត្យមើលតារាងតម្លៃ ដែលបិទជាប់នៅកន្លែងផ្តល់សេវា ដើម្បីចៀសវាងការចាញ់បោកជនខិលខូចមួយចំនួន៕