(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូល បានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀតហើយ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ នៅខណ្ឌដង្កោ ឈ្មោះថា «SAVIMEX (ហ៊ ប៉េង ជើងឯក)» បានលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ ហើយលក់សាំងធម្មតា បន្លំជាសាំងស៊ុបពែរ។
លោក គឿន ភិរុណ ជាអនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ និងមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនស្ថិតនៅតាមផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
លោក គឿន ភិរុណ បានឲ្យដឹងថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិ មាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺប្រើប្រាស់ឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95) និង Regular(92)។
បើតាមលោក គឿន ភិរុណ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ ០៣កន្លែងនៅទីតាំងខាងលើនេះ គឺមាន ០២កន្លែងមានអនុលោមភាពលើផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ។ ចំណែកស្ថានីយមួយកន្លែងទៀតពាក់ស្លាក SAVIMEX (ហ៊ ប៉េង ជើងឯក) មានកង្វះបរិមាណប្រេងមិនឆ្លើយតបលេខកុងទ័រ ហើយលក់ប្រេងធម្មតា ជាប្រេងស៊ុបពែរ។
ក្រុមមន្ត្រីត្រួតពិនិត្យបានណែនាំឲ្យម្ចាស់ស្ថានីយធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន៩៥ពិតបា្រកដ។
លោក គឿន ភិរុណ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់កម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារ អ្នកប្រើប្រាស់តាមផ្លូវច្បាប់។
លោក ភិរុណ ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
សូមបញ្ជាក់ថា មន្រ្តីនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល តែងបានចុះធ្វើសកម្ម ភាពពិនិត្យស្ថានីយប្រេងឥន្ធនៈនានាក្នុងរាជធានីភ្នំពេញ ហើយបានរកឃើញស្ថានីយប្រេងឥន្ធនៈជាច្រើនលក់ប្រេងមិនគ្រប់តាមកុងទ័រ និងលក់ប្រេងធម្មតាបន្លំជាប្រេងស៊ុបពែរ៕