(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ នូវស្តង់ដាបង្គន់អនាម័យសាធារណៈ ក្នុងគោលបំណងផ្តល់ជាទស្សនទាន និងបង្កលក្ខណៈដល់ទីក្រុងបេក្ខភាព ទីក្រុងទេសចរណ៍ស្អាតទាំង៧របស់កម្ពុជា ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង ក្នុងការដណ្តើមជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលនឹងប្រកាសលទ្ធផល នៅក្នុងខែមករា ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវស្តង់ដាបង្គន់អនាម័យសាធារណៈនេះ ធ្វើឡើងអមជាមួយពិធីប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អភិបាល-អភិបាលរងរាជធានី-ខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធនៃទីក្រុងបេក្ខភាពទាំង៧ និងការធ្វើបទបង្ហាញពីប្រធានមន្ទីសាធារណការរាជធានីភ្នំពេញ ពីការរៀបចំបង្គន់អនាម័យសាធារណៈ នៅរាជធានីភ្នំពេញផងដែរ។
លោក ថោង ខុន បានក្រើនរំឭកដល់ទីក្រុងបេកភាពទីក្រុងទេសចរណ៍ស្អាតទាំង៧របស់កម្ពុជា ឲ្យបន្តយកចិត្តទុកដាក់រៀបចំទីក្រុងដោយផ្តោតលើទស្សនទានស្អាត និងបៃតង ដោយផ្តោតលើការរៀបចំបង្គន់អនាម័យសាធារណៈឲ្យបានល្អ ដែលជាសូចនាករមួយសម្រាប់ការវាយតម្លៃដែលមានពិន្ទុច្រើន នៅក្នុងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
បញ្ហាបង្គន់អនាម័យនេះ គឺជារឿងសាមញ្ញ ប៉ុន្តែវាមានសារសំខាន់ណាស់។ យោងតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីនៅប្រទេសចិន គេបានយកចិត្តទុកដាក់ខ្ពស់លើ ទស្សនទានស្អាត និងបៃតង រហូតដល់មានការដាក់ចេញយុទ្ធនាការបដិវត្តបង្គន់អនាម័យសាធារណៈ ដែលគ្រប់គ្រងដោយស្ថាប័នមួយ មានកម្រិតស្មើក្រសួង។
ផ្អែកលើមូលដ្ឋានពិន្ទុ និងភាពចាំបាច់នេះ គណៈកម្មាធិការបច្ចេកទេសបានណែនាំពីលក្ខណៈទូទៅនៃការរៀបចំទាំងសំណង់ និងទម្រង់បរិក្ខាបំពាក់ជាក់ស្តែង ក្នុងការរៀបចំតាមស្តង់ដាបង្គន់ អនាម័យសាធារណកម្ពុជា និងបានណែនាំនូវគំរូស្ថាបត្យកម្មបង្គន់អនាម័យសាធារណៈ ចំនួន៣ ដែលជាស្នាដៃជ័យលាភីរបស់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកកម្ពុជា និងសាកលវិទ្យាល័យន័រតុន ដែលអាចប្រើប្រាស់ជាទស្សនទានរួមចំណែកដល់ការកែលម្អការរៀបចំ ដែលមានស្រាប់ឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង ខណៈពេលដែលការប្រកាសជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានខិតចូលមកដល់ ក្នុងរយៈពេលជាង៥ខែ ទៀតប៉ុណ្ណោះ។
ព្រមជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសពីយន្តការប្រឡងប្រណាំង បង្គន់សាធារណកម្ពុជា ឆ្នាំ២០១៨ ដោយបានស្នើដល់គ្រប់មូលដ្ឋាន ដែលមានបង្គន់អនាម័យសាធារណៈគ្រប់គ្រងដោយរដ្ឋនៅតាមទីកន្លែងសាធារណៈ សួនច្បារ ដងផ្លូវ ផ្សាររដ្ឋ ចំណតរយន្តសាធារណៈ និងបង្គន់សាធារណៈដែលគ្រប់គ្រងដោយឯកជននៅតាមផ្សារទំនើប ចំណតរថយន្តឯកជន ស្ថាន័យ៍ប្រេងឥន្ទនៈ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ចូលរួមក្នុងយុទ្ធនាការប្រឡងប្រណាំង ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលអាស៊ាននឹងប្រកាសជ័យលាភីស្តង់ដារបង្គន់សាធារណៈស្អាតអាស៊ាន ក្នុងឆ្នាំ២០១៩ នៅប្រទេសវៀតណាម។
ក្នុងឱកាសនេះ ក៏មានចែកជ័យលាភីនៃស្ថាបត្យកម្ម «បង្គន់សាធារណៈកម្ពុជា» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន៖
១៖ ជ័យលាភីលេខ១៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា លោក ចេង កេថូង លោក ហេង គីមហុង និងកញ្ញា ជុំ សុជាតា មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្យសិល្បៈ (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈ ស្ថិតនៅសួនច្បារសុខាជ្រោយចង្វារ)។
២៖ ជ័យលាភីលេខ២៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល កញ្ញា ពេជ្រ ខងពណ្ណរិទ្ធ លោក ឈាង មុយ និងលោក ម៉ី សៀងហេង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈ ស្ថិតនៅអតីតសួនទីលានប្រជាធិបតេយ្យ)។
៣៖ ជ័យលាភីលេខ៣៖ ក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា លោក ញា ស៊ីដារ៉ា លោក ហេង គឹមហុង និងលោកលីម តេកហួរ មកពីសាកលវិទ្យាល័យន័រតុន (ទីតាំងគម្រោងសាងសង់បង្គន់សាធារណៈ ស្ថិតនៅសួនតាមបណ្តាយវិថីព្រះស៊ីសុវត្ថិ)។
ព្រមជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នាប្រកាសការប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា ឆ្នាំ២០១៨ ដោយបេក្ខភាពអាចចូលរួម រួមមាន៖ បង្គន់សាធារណៈនៅតាមផ្សារ ចំណតរថយន្ត ចំណតឈប់សម្រាក រមណីយដ្ឋាន ទីសាធារណៈ សណ្ឋាគារ ច្រកទ្វារអន្តរជាតិ ផ្សារទំនើប និងនៅតាមមណ្ឌលព័ត៌មានទេសចរណ៍៕