(ភ្នំពេញ)៖ ចាប់ពីអំណេះតទៅ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក ដែលបានរំលោភលើច្បាប់កម្ពុជា នឹងមិនមានវត្តមានធ្វើសកម្មភាព ក្នុងប្រទេសកម្ពុជាទៀតឡើយព្រោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ឈប់នូវរាល់សកម្មភាព វិទ្យាស្ថាននេះចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ និងបណ្តេញបុគ្គលិកបរទេសរបស់ស្ថាប័ននេះចេញពីកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការ អំពីសេចក្តីសម្រេចនេះ។ ការសម្រេចបិទសកម្មភាពទាំងអស់របស់អង្គការ NDI ត្រូវបានក្រសួងការបរទេសកម្ពុជាពន្យល់ថាធ្វើឡើង នៅក្នុងបំណងធានាការអនុវត្ត យ៉ាងត្រឹមត្រូវ និងប្រសិទ្ធភាពនូវច្បាប់នានានិងដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់របស់កម្ពុជា បានធ្វើឱ្យក្តៅក្រហាយដល់សហរដ្ឋអាមេរិក ដែលជាម៉ែឪរបស់អង្គការ NDI និងបក្សប្រឆាំងនៅ កម្ពុជារហូតដល់បញ្ចេញសារបែបជ្រៀតជ្រែក លើកិច្ចការផ្ទៃក្នុងកម្ពុជាដោយបានចោទសំណួរថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចចិត្ត!»

ទំនងដោយសារតែគម្រោងផែនការទុច្ចរិតដែលអង្គការមួយនេះ បានរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជាត្រូវបានបែកធ្លាយ ហើយនឹងឈានទៅបរាជ័យទាំងស្រុង ទើបសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា និងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបង្ហាញការក្រេវក្រោធយ៉ាងដូច្នេះ ខណៈប្រជាជនខ្មែរភាគច្រើនលើសលប់បានអបអរសាទរនៃការសម្រេចស្របតាមច្បាប់ និងអធិបតេយ្យភាពកម្ពុជា និងថ្កោលទោសចំពោះផែនការដ៏អាក្រក់របស់អាមេរិក និងបក្សសង្គ្រោះជាតិប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជា កំពុងរស់នៅដោយសេចក្តីសុខ និងការរីកចម្រើននេះ។

ភស្តុតាងដែលបានលេចធ្លាយពិតជាបានបង្ហាញថា NDI ដែលជាអង្គការមួយរបស់អាមេរិកបានជ្រៀតជ្រែកលើកិច្ចការបោះឆ្នោតរបស់កម្ពុជា និងជួយបក្សប្រឆាំង ព្រមទាំងមានចេតនាក្នុងការផ្តួចផ្តើមបដិវត្តន៍ពណ៌នៅកម្ពុជាតាមរយៈការរៀបចំយុទ្ធសាស្ត្រ និងផែនការឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត។ ក្នុងនោះ NDI បានណែនាំគណបក្សសង្គ្រោះជាតិឱ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឱ្យឃោសនាតៗគ្នាថា ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ។ យោងតាមឯកសារបែកធ្លាយនេះ គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយសារនេះចាប់ពីពេលឥឡូវតទៅជាពិសេសបង្កើនការផ្សព្វផ្សាយពាក្យចចាមអារាម ឱ្យខ្ទរខ្ទាឡើង ៥ថ្ងៃមុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

តាមផែនការ NDI បានប្រាប់នូវល្បិចកលនេះ ទៅបក្សសង្គ្រោះជាតិឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយប្រហារលើរដ្ឋាភិបាល ឧទាហរណ៏ The Cambodia Daily និងវិទ្យុដែលទទួលលុយជំនួយពីប្រទេសមហាអំណាចដូចជា វិទ្យុអាស៊ី សេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ចុះផ្សាយសារនយោបាយនេះនៅទំព័រមុខ និងឱ្យសហការជាមួយវិទ្យុទាំងនោះ ធ្វើការផ្សព្វផ្សាយឱ្យបានខ្លាំងក្លា នៅមុនថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល បោះឆ្នោត។

NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថា បក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធសាស្រ្តមួយដ៏មានឥទ្ធិពល បូកបញ្ចូលជាមួយការប្រើប្រាស់ឧបករណ៏ចំរុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដោយអះអាងប្រាប់ថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិថា «រៀបចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោត គឺមកពីបក្សកាន់អំណាចជាអ្នកបោកប្រាស់»។ រយៈពេល ២៥ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនអង្គការ NDI និងអង្គការមួយចំនួន ដែលគេដឹងថា បានទទួលមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) បានធ្វើសកម្មភាពចាក់ឫសយ៉ាងជ្រៅនៅក្នុង សង្គមខ្មែរ និងគណបក្សប្រឆាំង។

គេនៅចាំបាច់បានថា កាលពីបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោត ក្រោមផែនការបដិវត្តន៍ពណ៌ ថវិកាប្រមាណជិត១០០លានដុល្លារត្រូវបានគេដឹងថា បានចរាចរណ៍ ទាក់ទងនឹងបាតុកម្មនេះ ហើយថវិកានេះត្រូវបានផ្ទេរពីក្រៅប្រទេស។ ប៉ុន្តែការសាកកម្លាំងនេះត្រូវបានបរាជ័យ ដោយសារតែការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ ប្រឆាំងនឹងគំនិតផ្តួចផ្តើមណាមួយនៅក្នុងការបញ្ឆេះបដិវត្តន៍ពណ៌។ បដិវត្តន៍ពណ៌ត្រូវបានគេដឹងថា ជារូបភាពថ្មីនៃការផ្លាស់ប្ដូររបបដែលយុទ្ធសាស្រ្តនេះបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលណាមួយ ដែលគេយល់ឃើញថា ពុំសមស្រប និងពុំគាំទ្រ នយោបាយ ឬមិនចំណុះឥទ្ធិពលអាមេរិកក្រោមរូបភាព «លើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

ឥឡូវនេះឫសគល់នៃចេតនានៃការប៉ុនប៉ងបំផ្ទុះឈ្នួនបដិវត្តន៍ពណ៌នៅកម្ពុជា ដែលមានជាយូរ មកហើយត្រូវបានបកអាក្រាត ហើយការផ្គុំចូលគ្នារវាង អង្គការមិនមែនរដ្ឋាភិបាល និងបក្សប្រឆាំនៅក្រោមមនោគមន៍វិជ្ជារបស់អាមេរិក ត្រូវបានបំបែក ហើយប្រជាជនបានដឹងឮ។ សកម្មភាពរបស់គណបក្សសង្គ្រោះជាតិនាពេលកន្លងទៅ ក៏បានស្តែងអំពីការដើរនៅលើគន្លងដែលគូសដោយម៉ែឪរបស់ខ្លួនគឺអាមេរិក។ ចុះបើគណបក្សសង្គ្រោះជាតិ ស្ថិតក្រោមខ្សែញាក់របស់អាមេរិក បោះឆ្នោតឱ្យបក្សប្រឆាំងគឺដូចជាបោះឆ្នោតឱ្យបរទេសដូច្នេះដែរព្រោះអាមេរិកជាឪរបស់បក្សប្រឆាំង តែមិនមែនឪរបស់កម្ពុជាទេ។ អ្នកនៅលើទឹកដីកម្ពុជាត្រូវតែគោរពអធិបតេយ្យភាព និងច្បាប់កម្ពុជា មិនអាចពាក់ស្បែកមហាអំណាចមក គាបសង្កត់ម្ចាស់ប្រទេសឡើយ។ កម្ពុជាជាប្រទេសតូច ក៏ពិតមែនតែមានបូរណភា អធិបតេយ្យភាព និងមានសិទ្ធិស្មើគ្នា និងស្មើភាពគ្នាជាមួយប្រទេសដទៃទៀតរាប់ទាំងមហាអំណាច។ កម្ពុជាមិនអាចស្ថិតនៅក្រោមគំនាប ឬសម្ពាធរបស់ប្រទេសណាមួយឡើយ។ កម្ពុជាក៏មានឥស្សរភាព និងមោទនភាពជាតិរបស់ខ្លួនដែរមិនអាចបណ្តោយឱ្យបរទេសលូកដៃកករកកាយកិច្ចការផ្ទៃក្នុងរបស់ខ្លួនស្រេច តែនឹងចិត្តឡើយ។ កម្ពុជា និងប្រជាជនខ្លួនការពារដាច់ខាតនូវអធិបតេយ្យភាពជាតិនេះព្រោះកម្ពុជាបាន ជួបរឿងរ៉ាវដ៏ជូរចត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិកដែលកំពុងតែអួតអាងខ្លួនជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ជាប្រជាជនខ្មែរមួយរូបដែលធ្លាប់ជឿងប់នឹងសហរដ្ឋអាមេរិក ចុងក្រោយបានឈឺចាប់ក្អួតឈាមនឹងជឿលើអាមេរិកជ្រុល។ ចុងក្រោព្រះអង្គបានមានបន្ទួលថា៖«…ខ្ញុំបានប្រព្រឹត្តកំហុសតែមួយគត់ គឺជឿលើលោក និងជឿលើអាមេរិក»។ ដូច្នេះហើយបានជាការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកប៉ុនប៉ងទាញកម្ពុជាចូលក្នុងចលនាចលគឺជាភាពចាំបាច់បំផុត។

តើកម្ពុជាជារដ្ឋអធិបតេយ្យមួយមានសិទ្ធិក្នុងការអនុវត្តច្បាប់របស់ខ្លួនទេ? តើកម្ពុជាមាន សិទ្ធិក្នុងការការពារអធិបតេយ្យភាពខ្លួន មិនឱ្យមានការជ្រៀតជ្រែកពី បរទេសទេ? នៅក្នុងបរិបទអន្តរជាតិ សហរដ្ឋអាមេរិកខ្លួនឯងបានប្រកាន់ជំហរការពារអធិបតេយ្យខ្លួនមិនឱ្យមានការជ្រៀតជ្រែកពីបរទេស ជាពិសេសពីប្រទេសរុស្ស៊ី នៅក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួន។ កម្ពុជាក៏មានសិទ្ធិពេញលេញក្នុងការអនុវត្តច្បាប់ និងទប់ទល់ការជ្រៀតជ្រែកកិច្ចការផ្ទៃនៅក្នុងកម្ពុជាដែរ។ នៅក្នុងបរិបទអន្តរជាតិដដែល ប្រទេសរុស្ស៊ីនិងប្រទេសមួយចំនួនទៀតបានការពារមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ខ្លួនតាមរយៈភ្នាក់ងារបរទេស ក្នុងប្រទេសខ្លួនហើយក៏បានបណ្តេញអង្គការមួយចំនួនចេញពីប្រទេសដោយសុខចិត្តឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ររបស់ខ្លួនថាជាប្រទេសមិនប្រជាធិបតេយ្យជាជាង ទុកឱ្យអង្គការក្រោមឥទ្ធិពល និងរបៀបវារៈនយោបាយទាំងនោះបង្កាត់ភ្លើងវឹកវរនៅក្នុងប្រទេសខ្លួន។ ក្នុងករណីនេះគេអាចយល់ថា ប្រទេសមហាអំណាច សហរដ្ឋអាមេរិកនិងរុស្ស៊ី ខិតខំក្នុងការទប់ស្កាត់ ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនរៀងៗខ្លួនហើយថា ការជ្រៀតជ្រែកក្នុងកិច្ចការនយោបាយផ្ទៃក្នុងខ្លួន ពិតជាមិនអាចទទូលយកបានឡើយសម្រាប់ប្រទេសអធិបតេយ្យមួយ។

កម្ពុជាក៏ដូចគ្នាដែរគឺមិនអាចទទួលយកបានឡើយ នឹងមិនបណ្តោយឱ្យក្រុមបក្ស ឬបរទេសណាមួយបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលប្រទេសនេះរកមកបាន ដោយពិបាក ហែលឆ្លងកាត់ឈាមនិងទឹកភ្នែក ស្លាប់បាត់បង់ជីវិតមនុស្សរាប់លាននាក់ រងការបំផ្លិចបំផ្លាញជាគំនរផេះផង់នោះទេ។

តើអត់អង្គការ NDI មួយ កម្ពុជាគ្មានប្រជាធិបតេយ្យ? កម្ពុជាមានរបៀបដឹកនាំរបស់ខ្លួនហើយ គេមិនអាចយកគំរូប្រជាធិបតេយ្យអាមេរិកដែលគេចវេសពីការទទួល ខុសត្រូវទម្លាក់គ្រាប់បែកជិត បីលានតោនសម្លាប់មនុស្សប្រមាណ៥០ម៉ឺននាក់ មកបង្ខំឱ្យកម្ពុជាទទួលយកមកអនុវត្តឡើយ។ នៅពេលនេះកម្ពុជាក៏មិនត្រូវការ អាណានិគមបែបទំនើបរបស់មហាអំណាចណាមួយឡើយ។ កម្ពុជាគឺ ជារដ្ឋអធិបតេយ្យ មានបូរភាពដែនដីឯករាជភាពរបស់ខ្លួន និងមានសិទ្ធិពេញលេញក្នុងការចាត់ ចែងជោគវាសនាជាតិខ្លួន។ អាមេរិកក៏មិនអាចបង្ខំកម្ពុជាឱ្យទទួលយកប្រជាធិបតេយ្យមួយដែលគ្មានការ អនុវត្តច្បាប់ដែរ! បើគ្មានច្បាប់ប្រជាធិបតេយ្យនឹងស្លាប់!

ដោយ៖ ចៅចាក់ស្មុក