(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល និងក្រោមការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាខេត្តបន្ទាយមានជ័យ បានបង្ក្រាបរថយន្តមួយគ្រឿង ដែលដឹកសាច់មាន់មាន់ខូចគុណភាព ចំនួន១៧០គីឡូក្រាម ចូលពីប្រទេសថៃ ហើយបានយកដុតកម្ទេចចោលតែម្តង នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Fresh News ថា ក្រោមការចង្អុលបង្ហាញពីលោក ស៊ាន សីណាត មន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្រ្តីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយ ឈុន ពិសិដ្ឋ ជាប្រធានប៉ុស្តិ៍ កាលពីល្ងាចម្សិលមិញ បានបង្ក្រាបរថយន្តមួយគ្រឿងម៉ាក Camry ចង្កូតស្តាំ ពណ៌សំបកឪឡឹកស៊េរីឆ្នាំ1993 ពាក់ផ្លាកលេខ ប.មានជ័យ ព្រមទាំងឃាត់ម្ចាស់ឈ្មោះ ឃ្លិញ ធឿន រស់នៅភូមិពជ្ជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ។
បើតាមលោក ហុង លៀង សម្រាប់ម្ចាស់រថយន្ត ត្រូវបានលោកព្រះរាជអាជ្ញា ណែនាំ និងធ្វើកិច្ចសន្យាឈប់ឲ្យដឹកសាច់មាន់ដែលនាំចូលពីប្រទេសថៃទៀត រួចហើយអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ លុះនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូល បានយកសាច់មាន់យកទៅដុតកម្ទេចចោលផងដែរ ដោយសហការជាមួយ មន្រ្តីគយ និងកម្លាំងនគបានអន្តោប្រវេសន៍ច្រកទ្វាប៉ោយប៉ែតផងដែរ។
ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែន កម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញ ខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃ ដល់អ្នកប្រើប្រាស់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ លោកក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញផងដែរ៕