(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារពុទ្ធិក បឋមសិក្សា និងសមិទ្ធផលនានាវត្តចន្រ្តី ស្ថិតនៅភូមិចុងព្រែក ឃុំចន្រ្តី ស្រុកមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលមានការចូលរួម ពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជិត១,០០០នាក់ផងដែរ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ចំពោះសមិទ្ធផលនានា ដែលកំពុងប្រារព្ធសម្ពោធថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលរួមជាមួយព្រះតេជគុណ លោក លោកស្រី សប្បុរសជនជិតឆ្ងាយ បានខិតខំពុះពារកសាងឲ្យកើតជាសមិទ្ធផលដូចដែលមាននៅក្នុងវត្តចន្ត្រីនេះ។
លោកស្រីបានបន្តទៀតថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យអាណាចក្រ និងពុទ្ធចក្របានរស់ឡើងវិញ ហើយទាំងអស់គ្នាក៏មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយបានកសាងប្រទេសពីបាតដៃទទេដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ។ល។ រហូតទទួលបាននូវការអភិវឌ្ឍន៍គ្រប់វិស័យ ដូចដែលយើងបានឃើញមាននាសព្វថ្ងៃនេះ។
ទន្ទឹមនឹងសមិទ្ធផលដែលទទួលបាននាពេលនេះ លោកស្រីក៏បានជម្រុញឲ្យអាជ្ញាធរ និងមន្រ្ដីរាជការ គ្រប់លំដាប់ថ្នាក់ទូទាំងស្រុករមាសហែក ក៏ដូចជាអាជ្ញាធរខេត្ដស្វាយរៀង បន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ។
ថ្នាក់ដឹកនាំរូបនេះ បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅ រួមមានដំឡើងប្រាក់ខែជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលបានខិតខំកៀងគរអ្នកវិនិយោគទុនបរទេស ផ្តល់ការអនុគ្រោះដល់ការបណ្តាក់ទុន ជំរុញឲ្យមានចំនួនរោងចក្រកើនឡើង មានកំណើនការងារ ហើយប្រាក់ឈ្នួលគោល ក៏ត្រូវបានដំឡើងមួយកម្រិតទៀត ពោលគឺឆ្នាំ២០១៨ តិចបំផុតអាចដល់ជាង១៦០ដុល្លារ ក្នុងមួយខែ ដោយមិនទាន់បូកបញ្ជូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ឆ្លៀតឱកាសនេះផងដែរ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ អនុវត្ដឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្ដជំរុញកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយឲ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធផលនានា ដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អប្រសើរ។
បន្ថែមពីនេះ លោកស្រី ម៉ែន សំអន បានជម្រុញដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ត្រូវអប់រំកូនចៅ និងក្រើនរំលឹកឲ្យបានដឹង និងបានយល់ជ្រួតជ្រាបនូវគុណបំណាច់ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រទេសជាតិឲ្យរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានប្រែក្លាយប្រទេសពីបាតដៃទទេរ ឲ្យភាពរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សូមបញ្ជាក់ថា បច្ច័យដែលបានមកពីពិធីបុណ្យនេះ ចំនួនជិត១៥លានរៀល ត្រូវប្រគេនដល់វត្តផងដែរ ដើម្បីបំពេញតម្រូវការផ្សេងៗ៕