(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមរំលែកទុក្ខគ្រួសារសព លោកឧត្តមសេនីយ៍ត្រី លាក់ លួម មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលបានទទួលមរណភាពកាលពីម្សិលមិញ។
នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបច្ច័យក្នុងពិធីបុណ្យចំនួន៥លានរៀលផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានចារនៅក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា «តាងនាមនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ នៃសពឧត្តមសេនីយ៍ត្រី លាក់ លួម មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលទទួលមរណភាព កាលពីវេលាម៉ោង៩៖៣០នាទី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ក្នុងករណីភារកិច្ចបំពេញ បេសកម្ម ក្នុងបុព្វហេតុជាតិរបស់អង្គភាពកងរាជអាវុធហត្ថ»។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «ការបាត់បង់លោកឧត្តមសេនីយ៍ត្រី លាក់ លួម គឺជាការបាត់បង់នូវធនធានរបស់ កងរាជអាវុធហត្ថ មួយរូប ដែលជានិច្ច កាលតែងតែមានការ ស្មោះត្រង់សកម្មគម្រូក្នុងការងារអនុវត្តតួនាទី និងភារកិច្ចរបស់ កងរាជអាវុធហត្ថ»។ ជាចុងក្រោយនេះ សូមឧទ្ទិសដួងវិញ្ញាណក្ខន្ធដល់សព លោកឧត្តមសេនីយ៍ត្រី ទៅកាន់សុខគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕