(សៀមរាប)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម សាលាឃុំស្រែណូយ គណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាពនិងសុវត្ថិភាព ម្ហូបអាហារ នៅផ្សារស្រែណូយ ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន នៅចំងាយ៧៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប បានថ្លែងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុង ផ្សារស្រែណូយរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។ ប៉ុន្តែចំពោះការពិនិត្យមើលលើ ផលិតផល ម្ហូបអាហារកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួល ខូចគុណភាព ហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏ កំទេចចោលនៅពេលក្រោយ។

មន្រ្តីកាំកុងត្រូលបានបន្តថា ផលិតផលខូចគុណភាពទាំងនោះរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ស្រាបៀរកំប៉ុង ទឹកដោះគោជូរ ទឹកស៊ីរ៉ូ ទឹកស៊ីអ៊ីវ ស្ករកូឡា ម៊ីឡូដប សណ្តែកកំប៉ុង និងម៊ីកញ្ចប់ម៉ាម៉ា គិតជាទម្ងន់សរុប៩៦.៦៨០ គ.ក។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀបនៃការដាក់តាំងលក់ផលិតផលចំណីអាហារ ឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕