(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៤,០០០ដុល្លារអាមេរិក ជូនដល់សមាគមតន្ត្រីសំនៀងជនពិការ សម្រាប់ទិញសម្ភារៈឧបករណ៍ម៉ាស្សា ដើម្បីបើកបង្រៀន និងធ្វើអាជីវកម្មម៉ាស្សាបែបបុរាណ ដើម្បីរកចំណូលផ្គត់ផ្គង់សមាគម។
ក្នុងពិធីប្រគល់ថវិកាដល់សមាគមនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនពិការក្នុងសមាគមទាំងអស់ ជាពិសេស សម្ដេចតែងតែគិតគូរពីជីវភាពរស់នៅរបស់ជនពិការដែលរស់នៅក្នុងសមាគមតន្រ្តីសំនៀងជនពិការ ក៏ដូចជាជនពិការទូទៅផងដែរ។
ការជួយឧបត្ថម្ភជាបន្តបន្ទាប់ របស់កាកបាទក្រហមកម្ពុជា បានជួយឲ្យសមាគមតន្ត្រីសំនៀងជនពិការ មានលទ្ធភាពកសាងបានថែមទៀតនូវសមត្ថភាព និងប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរ។
លោកស្រី អគ្គលេខាធិការរទី១ បានអំពាវនាវដល់សប្បរសជន និងប្រជាពលរដ្ឋទូទៅ សុំជួយដល់ជនពិការ ជាពិសេសសុំកុំមានការរើសអើងជាមួយជនពិការ និងចូលរួមលើកកម្ពស់សិទ្ធិជនពិការក្នុងសង្គមជាតិ ។
លោក ចាប តូ តំណាងឱ្យជនពិការនៅក្នុងសមាគមតន្រ្តីសំនៀងជនពិការទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការជាបន្តបន្ទាប់ ហើយនេះជាការជួយឧបត្ថម្ភលើកទី៧ហើយ៕