(បាត់ដំបង)៖ គោយន្តប្រភេទវ៉ៃដីចំនួន២១គ្រឿង ជាអំណោយពីខេត្តក្វាន់ស៊ី ប្រទេសចិន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រសួង កសិកម្ម យកមកចែកជូន២១សហគមន៍ កសិកម្មគោលដៅជាអាទិភាព ក្នុងវិស័យកសិកម្ម និងមានចែកសម្ភារការិយាល័យជូន ស្រុកមួយចំនួន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រោមវត្តមានលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត តំណាងលោក ច័ន្ទ សុផល អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ ទាំងអស់មន្រ្តីជំនាញគម្រោងដៃគូរអភិវឌ្ឍន៍ ប្រធានសហគមន៍ចូលរួមយ៉ាងច្រើនកោះករផងដែរ។

លោក ឈឹម វជិរា បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែខិតខំអំពាវនាវស្វែងរកជំនួយពីប្រទេសនានាដើម្បីកសាងនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជារហូតមក។ ដោយឡែកខេត្តក្វាន់ស៊ី ប្រទេសចិន បានផ្តល់អំណោយ ដល់កម្ពុជានូវគោយន្តជាច្រើនគ្រឿង សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម នៅក្នុងនោះខេត្តបាត់ដំបង ត្រូវបានក្រសួងជំនាញកសិកម្ម បានប្រគល់គោយន្តចំនួន២១គ្រឿង បន្ទាប់ពីរាជរដ្ឋាភិបាលប្រគល់ឲ្យក្នុងពេលថ្មីៗនេះ។

លោក ឈឹម វជិរា បានបន្តថា គោយន្តប្រភេទវ៉ៃដី ឬរាស់ដីទាំង២១គ្រឿង ដែលចែកជូននាពេលនេះ គឺមន្ទីរកសិកម្មយើងបានឯកភាព ជាមួយលោក អភិបាលខេត្ត ចែកជូនដល់សហគមន៍ មានអាទិភាពមួយចំនួនដែលមានអំណោយផលភូមិសាស្រ្តនៅជិតទឹកគ្រប់គ្រាន់ អាចផលិតស្រូវបានច្រើនដង ក្នុង១ឆ្នាំ ជាសហគមន៍ផលិតស្រូវស្រូវពូជ ប្រភេទល្អសម្រាប់យកទៅលក់ចែកចាយប្រជាកសិករបន្តទៀត បាន។ កន្លងមកមន្ទីរជំនាញបានខិតខំ ជួយកិច្ចការមួយចំនួនធំ ដល់កសិករនៅតាមសហគមន៍ តាមរយៈការផ្សព្វផ្សាយចំណេះដឹង គ្រប់ជំនាញ ទាំងការចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារ ផងមិនតែប៉ុណ្ណោះមន្ទីរជំនាញបានការណែនាំពីលោកអភិបាលខេត្តមាន កិច្ចសហការ ជាមួយវិស័យឯកជនក្រុមហ៊ុន ប្រមូលទិញស្រូវពីប្រជាកសិករយើងនិងទៅអនាគតខេត្តមានឡសម្ងួតស្រូវ ដែលអាច ផលិតបាន ចំនួន២០០តោន ក្នុង១ថ្ងៃ ខណៈឡសម្ងួតចាស់ផលិតបានតែ៣០តោនក្នុង១ថ្ងៃ និងដើម្បីបម្រើសេចក្តីត្រូវការទីផ្សារស្រូវដោយ បានប្រាក់កម្ចីពីធនាគារ អភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនឯកជនផងដែរ។

លោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់ប្រធានសហគមន៍ទាំងអស់ដែលបានមកទទួលយកគោយន្ត នាថ្ងៃនេះថាសូមយកទៅចែក ប្រជាកសិករយើងប្រើ ឲ្យបានគ្រប់គ្នាតាមជាក់ស្តែង និងថែរក្សាប្រើប្រាស់ឲ្យបានយូរអង្វែង។ លោកនឹងខិតខំស្វែងរកនូវបច្ចេកទេសថ្មីៗ យកមកផ្សព្វផ្សាយដល់កសិករកាន់ តែមានចំណេះដឹងជាបន្តបន្ទាប់បន្ថែមទៀត។

នៅក្នុងពីធីនេះផងដែរ គម្រោង ASPIRE ជាដៃគូរអភិវឌ្ឍន៍កសិកម្ម ក៏បានចែកសម្ភារការិយាល័យដល់ចំនួន៦ ដោយស្រុកនិមួយៗ ទទួលបាន កុំព្យូទ័រ១កំប្លេរ តុ១កៅអី១ និងទូរដាក់ឯកសារ១ ព្រមទាំងចែក Tablet ១២គ្រឿង ដល់ការិយាល័យកសិកម្មស្រុកផងដែរ៕