(ត្បូងឃ្មុំ)៖ លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំ ចែកស្ទីកឃ័រ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ នៅផ្សារចុងជាច ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក លិ វុត្ថា ថ្លែងឲ្យដឹងថា ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោកផ្ទាល់ និងមន្ត្រីកាំកុងត្រូលខេត្ត ជាពិសេសលោក មាស ម៉ោរា ប្រធានកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៍នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចអោយគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាព យកមកទទួលទាន ។
លោកប្រធានទីផ្សារកាំកុងត្រូលខេត្ត ឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យទំនិញដាក់លក់ក្នុងផ្សារចុងជាច និងលក់ដូរតាមផ្ទះនៅក្បែរផ្សាររួចមក គឺមិនមានប្រទះឃើញទំនិញ ជាម្ហូបអាហារដែលខូចគុណភាពនោះឡើយ ។
ចំពោះលទ្ធផលដែលពុំមានជួបប្រទះទំនិញ ដែលមានខូចគុណភាពនេះ ដោយសារមន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យ និងបានពន្យល់ណែនាំអាជីវកជាប់ជាប្រចាំ ដែលធ្វើអោយគាត់មានការយល់ដឹង របៀបជ្រើសរើស លក់ ទិញ រក្សាទុកទំនិញបែបនេះ។
ក្នុងករណីនេះ អាជីវករ ក៍បានលើកឡើងដែរថា ពីមុនគាត់មិនសូវមានការយល់ដឹង ពីរបៀបជ្រើសរើសម្ហូបអារហារដែលមានស្លាក សញ្ញាត្រឹមត្រូវ របៀបមើលថ្ងៃខែផុតកំណត់ របៀបរក្សាទុកទំនិញអោយមានសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីមន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះមកពិនិត្យ ពន្យល់ណែនាំគាត់ជាប់ជាប្រចាំកន្លងមកនោះ គាត់បញ្ជាក់ថា រាល់ទំនិញដែលសំបកកំប៉ោងកំប៉ិត ច្រេះ ហួសកាលបរិច្ឆេទ គាត់បានយកចោលដោយខ្លួនឯងអស់ហើយ ហើយទំនិញដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និងគ្មានកាលបរិច្ឆេទនោះ គឺគាត់មិនទទួលយកមកលក់នោះឡើយ ដែលជាហេតុមន្ត្រីកាំកុងត្រូល គ្មានទំនិញដកហូតនាថ្ងៃនេះ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្ត នៅតែបន្តបិទ ចែក និងបង្ហាញ នៅស្លាកស្ទីគឃ័រដល់អាជីវករ ពីរបៀបជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព យកមកលក់ និងទទួលទាន ដើម្បីអោយពួកគាត់ជាការពញ្ញាក់ស្មារតីបន្ថែម និងបានយល់អោយកាន់តែច្បាស់ ក៍ដូចជាបានទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្តិ ញាតិមិត្ត បងប្អូននៅក្នុងភូមិ ក្នុងសហគមន៍ក្នុងមូលដ្ឋាន អោយបានដឹង និងយល់ទាំងអស់គ្នា ដែលនេះជាអ្វីដែលសាខាកាំកុងត្រូលខេត្ត អគ្គនាយកដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាលចង់បាននោះ ៕